Social Network

ប៉េអឹម ឃាត់ ៥នាក់ ដែលចែកចាយ និង​ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ក្នុងស្រុកមង្គលបូរី។ ជនទាំងនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ថា ជនសង្ស័យ ត្រូវឃាត់ខ្លួនទាំង ៥នាក់នេះ រួមមាន៖ ១.ឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ រឿន សុបិន ភេទប្រុស អាយុ ២១ឆ្នាំ ៣.ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ កែវ វួយហួរ ភេទប្រុស អាយុ ២៣ឆ្នាំ ៥.ឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ១៨ឆ្នាំ។

ជនសង្ស័យទាំង ៥នាក់ រស់នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ លោកបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ថាមានបទល្មើសគ្រឿងញៀន ដែលកំពុងកើតមានបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន នាំឲ្យភូមិ.ឃុំគ្មានសុវត្ថិភាព។

កម្លាំងកងរាជអាវុធហត្ថ បានធ្វើស្រាវជ្រាវ កំណត់មុខសញ្ញា សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅ ខេទឹកកក ចំនួន ៤ថង់តូច ស្មើ ១,៧៥ក្រាម និងទូរសព្ទ ៣គ្រឿង មធ្យោបាយ ១គ្រឿង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នាំយកមកសាកសួរ ហើយតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់។ កម្លាំងជំនាញ ក៏កំពុងស្រាវជ្រាវរកចាប់ខ្លួនឈ្មួញ ដែលកំពុងជួញដូរគ្រឿងញៀន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព