Social Network

​គ្រូពេទ្យ​មធ្យម​ម្នាក់​ពោលពាក្យប៉ុន្មានម៉ាត់​ប្រាប់មិត្តភក្តិ លុះ៣ថ្ងៃក្រោយផ្អើលពេញភូមិ​

ខេត្តឧត្តរមានជ័យ ៖ សិក្ខាកាមដែលកំពុងសិក្សាជាគ្រូពេទ្យថ្នាក់មធ្យមម្នាក់ ត្រូវបានគេប្រទះឃើញបញ្ចប់ជីវិតលើដើមពុទ្រាមុខផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥២នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០២១ នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ពាក់ព័ន្ធនឹងករណីនេះ សង្ស័យជនរងគ្រោះតូចចិត្ត ព្រោះមានផ្ទុកមេរោគអេដស៍ ។ជនរងគ្រោះឈ្មោះ ព្លិញ សុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ទាក់ទិនករណីខាងលើនេះ ឆ្លងតាមការបំភ្លឺពីឈ្មោះ ចាប កញ្ញា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នាងនិងជនរងគ្រោះបានទៅរៀនធ្វើពេទ្យដល់ថ្នាក់មធ្យម នៅឯខេត្តបាត់ដំបង អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ។

លុះដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ជនរងគ្រោះបានប្រាប់នាងថា រូបគេមានផ្ទុកមេរោគអេដស៍ ដោយការរស់នៅរាល់ថ្ងៃត្រូវបានមិត្តភក្តិ និងអ្នកស្គាល់គ្នា គេរើសអើង ដូច្នេះរូបគេមិនចង់រស់នៅ និងខំរៀនសូត្រមានន័យអ្វីតទៅទៀតនោះទេ ។

តាមប្រភពដដែលបានបន្តថា ដោយសារឮសំដីជនរងគ្រោះពោលដូច្នោះ ភ្លាមនោះនាងបានលោមលួង នឹងលើកទឹកចិត្តដល់ជនរងគ្រោះកុំឲ្យគិតខ្លី និងគិតតែប្រឹងប្រែងរៀនសូត្រទៅ ព្រោះថ្ងៃក្រោយជម្ងឺនេះគេអាចព្យាបាលបានទេ ។

លុះវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែមីនា ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងស្នាក់នៅក្រុងបាត់ដំបង ទៅផ្ទះរបស់គេវិញនៅឯស្រុកកំណើត ចំណែករូបនាងក៏បានជិះរថយន្តទៅតាមក្រោយដែរ ដោយពេលវេលា នឹងការរៀនសូត្រមិនត្រូវអនុញ្ញាតឲ្យមានការជួបជុំ ព្រោះតែការរីករាលដាលនៃជម្ងឺឆ្លងវីរុសកូវីដ.១៩ ។

តាមប្រភពដដែលបានបន្តទៀតថា នៅពេលទៅដល់ផ្ទះរៀងៗខ្លួន លុះព្រឹកឡើងថ្ងៃទី១៨ ខែមីនា ក៏ស្រាប់តែមានការភ្ញាក់ផ្អើលពេញភូមិថា ជនរងគ្រោះបានបញ្ចប់ជីវិតនៅលើលើដើមពុទ្រាមុខផ្ទះ ។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ត្រី ស៊ឹម វណ្ណៈ អធិការរងស្រុក បានដឹកនាំកម្លាំង សហជាមួយជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យស.ពជនរងគ្រោះនៅកន្លែងកើតហេតុ ដោយបានធ្វើការសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះបញ្ចប់ជីវិត គឺដោយសារមានវិបត្តិផ្លូវចិត្ត ពីព្រោះជនរងគ្រោះមានផ្ទុកជម្ងឺប្រចាំកាយ(ជំងឺអេដស៍) ។ បន្ទាប់ពីធ្វើការពិនិត្យរួចរាល់ហើយ សមត្តកិច្ចបានប្រគល់ស.ពជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព