Social Network

៣ករណី៖ មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ​ស្រែពក អប់រំណែនាំ និងធ្វើកិច្ចសន្យាមនុស្ស ៤នាក់

ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៅក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។

ក្នុងនោះ មន្ត្រីឧទ្យានុរក្ស បានទប់ស្កាត់សកម្មភាពចូលក្នុងតំបន់ស្នូល ដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យា និងអប់រំណែនាំមនុស្ស ៤នាក់ កុំឲ្យប្រព្រឹត្តបទល្មើស និងចូលក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។

ក្នុងប្រតិបត្តិការចុះល្បាតនេះ មន្រ្តីឧទ្យានុរក្ស បានរុះរើជំរំក្រុមជនសង្ស័យមួយក្រុម ដែលធ្វើសកម្មភាពបរបាញ់សត្វព្រៃ នៅចំណុចភ្នំលូងឈូង ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក និងរុករកឃើញកាំភ្លើងកែច្នៃ (អាវុធឆ្នុកដូង) ចំនួន ១ដើម ដែលជនសង្ស័យលាក់ទុកក្នុងដើមស្រឡៅ ១ដើម និងបានដោះប្រមូល និងសាអន្ទាក់ខ្សែកាប បានសរុបចំនួន ២០៣ខ្សែ ថែមទាំងប្រទះឃើញសំណាកសត្វព្រៃ (ក្ងោក ឈ្លូស និងកាំប្រមា) មួយចំនួនបន្ថែម ក្នុងជំរំនេះផងដែរ ហើយត្រូវបានក្រុមការងារប្រមូលយកទៅដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។

ក្រោយពីសកម្មភាពចុះល្បាត មន្រ្តីឧទ្យានុរក្សបានឆៀងចូលទៅពិនិត្យមើលទីតាំង ដែលបំពាក់កាមេរ៉ាស្វ័យប្រវត្តិចំនួន ១០ទីតាំង ដែលបានផ្ដិតយករូបភាព និងសកម្មភាពនៃការបន្លាស់ទីរបស់សត្វព្រៃ៕

ដកស្រង់ពី៖កោះសន្តិភាព