រាជធានីភ្នំពេញ ៖ ស្ត្រីស្រស់សោភាម្នាក់សង្ស័យមានមញ្ហាជាមួយប្តីដើរទាំងទឹកភ្នែករហាមបណ្តើរនិយាយទូរស័ព្ទបណ្តើរ គោលបំណងឡើងស្ពានជ្រោយចង្វារ តែត្រូវបានសមត្ថកិច្ចដែលប្រចាំនៅគល់ដៅររង្វង់មូលកួចកាណុង ធ្វើការឃាត់សួរនាំ រួចក៏ទំនាក់ទំនងហៅប្តីរបស់ជនរងគ្រោះអោយមកទទួលរួចត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៤៧ នៅចំណុចរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការនៅរង្វង់មូលកួចកាណុង បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ មិនដឹងថាដើរមកពីណានោះទេ បានជាដើរបណ្តើរ យំបណ្តើរ រួចនិយាយទូរស័ព្ទបំរុងនឹងដើរឡើងស្ពានជ្រោយចង្វារ ចៃដន្យអីក៏មានសមត្ថកិច្ចដែលកំពុងតែដាក់បារាសឃាត់អ្នកធ្វើដំណើរឡើងចុះក៏ឆ្ងល់ រួចដើរទៅសួរនាំ ទើបជនរងគ្រោះឆ្លើយសារភាពប្រាប់ថា «ចង់ទៅលោតទឹកសម្លា.ប់ខ្លួន» ។
ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះខាងលើមិនដឹងថា ខូចចិត្តរឿងអីនោះទេ សង្ស័យតែមានវិបត្តិគ្រួសារហើយ ប៉ុន្តែគាត់មិនបានរៀបរាប់ប្រាប់ឱ្យដឹងពីរឿងអ្វីអោយប្រាកដនោះទេ ទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានសួរនាំ និងលួងលោមសុំលេខទូរស័ព្ទរបស់ប្តីនារីរងគ្រោះ ដើម្បីតេទៅអោយមកទទួលយក ត្រឡប់ទៅផ្ទះវិញ ។
បន្ទាប់មកអស់រយៈពេលជិះមួយម៉ោងស្ត្រីខាងលើនេះនៅតែអង្គុយយំរង់ចាំប្តីរបស់ខ្លួនមកយកដដែល ។ ក្រោយពេលកើតហេតុខាងលើនេះ ប្តីរបស់ជនរងគ្រោះបានមកទទួល រួចដឹកត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
ដកស្រង់ពី៖កោះសន្តិភាព