Social Network

ដោយសារតែគ្រឿងញៀន! បុរស​ម្នាក់ ​វាយ​យុវជន​អានា​ថា​ម្នាក់ ស្លាប់ នៅលើ​វេទិកា​ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀន និងហិតកាវ ឡើងចង់ឆ្កួត បានប្រើហឹង្សា វាយទៅលើយុវជនអនាថាម្នាក់ បែករយះ សៀតផ្កាខាងឆ្វេងរបួសធ្ងន់ បណ្តាលឲ្យស្លាប់ភ្លាម នៅលើវេទិកាខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើវរទិកាក្នុងបរិវេណសួនមានជ័យ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យ មានឈ្មោះ ហួយ រតនា ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ រស់នៅភូមិអូរតាគាំម២ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា អ្នកថែសួនបាននិយាយថា បុរសបែកថ្នាំនេះ គេបានឃើញវត្តមាន នៅក្នុងសួនមានជ័យនេះ តាំងពីថ្ងៃទី៧ ខែឧសភា មកម្លេះ ជននេះ ជក់ថ្នាំញៀផង ហិតកាវប៉ះកង់ទៀត មានសតិ ដូចមនុស្សឆ្កួត ដើររករឿងគេពេញសួនមានជ័យតែម្តង គ្មានអ្នកហ៊ានតដៃនឹងជននេះឡើយ។

លោកមេបញ្ជាការ បានបញ្ជាក់ថា លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជិត ៣រសៀលថ្ងៃទី៨ ខែឧសភានេះ ស្រាប់តែឃើញជននេះ បានទាត់ធាក់ និងវាយទៅលើជនមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ ជាជនអនាថា ចំផ្ទៃមុខ និងសៀតផ្កាខាងឆ្វេង បែករយះធ្ងន់ បណ្តាលឲ្យស្លាប់ នៅលើវេទិកាតែម្តង។

ក្រោយពីធ្វើសកម្មភាពហើយ បុរសបែកថ្នាំនេះ បានរត់ចុះមកក្រោម ក៏ត្រូវសន្តិសុខភូមិ ៣នាក់ ដេញចាប់ ទើបបាន។ បុរសពាលនោះ ត្រូវបានកម្លាំងអាវុធហត្ថក្រុង បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ។ ចំណែកសព ត្រូវកម្លាំងអាវុធហត្ថ ចាត់ចែង យកទៅបូជា នៅវត្តចមសុទ្ធវាស ហៅវត្តស្វាយចាស់៕

ដកស្រង់ពី៖កោះសន្តិភាព