Social Network

បុរស​២​នាក់​ល្មើស​បំរាម​គោចរ និង​ចង់​រត់គេច លុះ​សង្ស័យ​សមត្ថកិច្ច​ឆែកឆេរ​ក្នុង​ខ្លួន​បែកធ្លាយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាល បំរាមគោចរ ក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើដំណើរល្មើសនឹងបំរាមគោចរ លុះពេលឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចតែម្តង ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំងពីរនាក់ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បច្ចុប្បន្នកំពុងស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ច ហើយជនសង្ស័យទាំងពីរនាក់នេះ បានជិះម៉ូតូមួយគ្រឿងម៉ាក mio ពណ៌ស ពាក់ស្លាកលេខស្វាយរៀង1C-5151។

បើតាមប្រភពពីសមត្ថកិច្ចបានបង្ហើបប្រាប់អោយដឹងថា មុនកើតហេតុ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់គោលដៅអនុវត្តន៍វិធានការរដ្ឋបាល បំរាមគោចរនៅគោលដៅផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីត្រួតពិនិត្យរាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលល្មើសនឹងបំរាមគោចរ និង ដកហូតមធ្យោបាយធ្វើដំណើរយកទៅរក្សាទុក និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ចំពោះប្រជាពលរដ្ឋណាដែលគ្មានភារកិច្ចចាំបាច់ និងគ្មានឯកសារបញ្ជាក់ការធ្វើដំណើរ ហើយនៅតែបំពាន ។

សមត្ថកិច្ចបន្តថា ខណៈពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តវិធានការរដ្ឋបាលនេះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូឌុបគ្នាធ្វើដំណើរឆ្លងកាត់គោលដៅរបស់សមត្ថកិច្ចក្នុងល្បឿនលឿន និងមានបំណងរត់គេចខ្លួនទៀត ដោយឃើញសកម្មភាពគួរឲ្យសង្ស័យ សមត្ថកិច្ចក៏ឃាត់ម៉ូតូនោះភ្លាមៗ រួចធ្វើការត្រួតពិនិត្យនៅលើខ្លួនជនសង្ស័យ ក៏ស្រាប់តែរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច ក៏ឃាត់ខ្លួនជាក់ស្ដែងតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ មិនបានប្រាប់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់អោយដឹងថា រូបគេទាំងពីរ ស្នាក់នៅម្តុំស្តុបផ្សារដីហុយ ហើយមុនកើតហេតុ រូបគេបានជិះម៉ូតូឌុបគ្នា ទៅទិញថ្នាំញៀននៅម្តុំត្រឡោកបែកចំនួន៣កញ្ចប់តូច (មិនប្រាប់តម្លៃ) យកប្រើប្រាស់ ខណៈពេលធ្វើដំណើរត្រលប់ទៅបន្ទប់ជួល ក៏ជួបសមត្ថកិច្ច ហើយឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព