Social Network

មិនដឹង​​មានរឿង​អ្វី? បុរស​ម្នាក់អង្គុយ​ជាង​កន្លះ​ម៉ោង រួច​ដើរ​ចូល​​វាយ​សន្តិសុខ​កា​រ៉ា​ស​សាំង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាសន្តិសុខយាមនៅក្នុងការ៉ាស់ការ៉ាសសាំងតាមផ្លូវជាតិលេខ៥ ក្បែរស្ពានជ្រោយចង្វារ ត្រូវបានបុរសម្នាក់ទៀតស្ថិតក្នុងស្ថានភាពស្រវឹងស្រា រួចដើរមករករឿង និងវាយ បណ្តាលឱ្យបែកចិញ្ចើមខាងឆ្វេង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចការ៉ាសសាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់ឈ្មោះ មន វិត អាយុ៤៥ឆ្នាំ មុខរបរជាសន្តិសុខ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គឺរូបគាត់ជាសន្តិសុខយាមនៅក្នុងការ៉ាសសាំង ហើយបានរៀបចំនឹងបិទការ៉ាសសាំងសំរាកទៅហើយ ក៏ស្រាប់តែឃើញជនបង្កម្នាក់ ពាក់អាវ.សដៃខ្លី ខោជើងខ្លីពណ៌ខ្មៅ មិនដឹងថា តើដើរមកពីណានោះទេ?

បានមកអង្គុយនៅមុខការ៉ាសសាំងជាងកន្លះម៉ោងក្នុងស្ថានភាពស្រវឹងស្រា រួចក៏ដើរចូលមកយកទូរស័ព្ទដៃវាយចំក្បាលចំនួន២គ្រឿង បណ្តាលឱ្យរូបគាត់រងរបួសបែកចិញ្ចើមអស់ម្ខាងផ្នែកខាងឆ្វេង និងហើមមុខមួយជំហៀង ថែមទាំងហូរឈាមទៀតផង ។

អ៊ុំប្រុសខាងលើបន្តថា ភ្លាមៗនោះដែរ អ្នកធ្វើការនៅក្នុងការ៉ាសសាំងក៏បានរត់ចូលទៅជួយឃាត់ និងមានការប្រវាយប្រតប់គ្នា រហូតដល់របួសទាំងសងខាងតែម្តង សំណាងល្អហើយដែលមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការឃាត់ភាគីទាំងសងខាង ដើម្បីសួរនាំ ។

ដោយឡែកបុរសបង្កហេតុខាងលើនេះ គឺសមត្ថកិច្ចសួរនាំទៅមិនបានឆ្លើយ និងប្រាប់រឿងហេតុទៅដល់សមត្ថកិច្ចនោះទេ ។ ក្រោយពេលកើតហេតុខាងលើនេះ ជនបង្ក ព្រមទទួលខុសត្រូវជួយចេញថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿងហេតុតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព