Social Network

លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម សហការគ្នា ចូលលួចដោះម៉ូតូសណ្ដោងរឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនបានម្នាក់ ចំណែកពីរនាក់ទៀត រត់គេចខ្លួន បាត់។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ឃីម ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិប្រផ្លាក់ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ម៉ូតូ ដែលជនសង្ស័យ ធ្វើសកម្មភាពជាម៉ូតូធុនធំ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CG-7095 ជិះគ្នា ចំនួន ៣នាក់ ឃាត់ខ្លួនបានម្នាក់ ពីរនាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។ ម៉ូតូ ដែលត្រូវជនសង្ស័យលួច ម៉ាកសង់កូរ៉េ កញ្ចាស់ ពណ៌ខ្មៅ អត់មានស្លាកលេខ ជាម៉ូតូសណ្ដោងរឺម៉ក។

ម្ចាស់ម៉ូតូ បានដឹងថា មុនពេលកើតហេតុ គាត់ឃើញជនសង្ស័យ មានគ្នាចំនួនបីនាក់ ជិះម៉ូតូ ធន់ធំមួយគ្រឿង មកធ្វើសកម្មភាព លួចដោះម៉ូតូសណ្ដោងរឺម៉ករបស់គាត់ ចេញពីរឺម៉ក បន្ទាប់មក ក៏នាំគ្នាចងខ្សែសណ្ដោងអូសចេញពីកន្លែងកើតហេតុ។

ភ្លាមៗនោះ គាត់បានស្រែកថា ចោរៗ ផ្អើលបងប្អូនប្រជាពលរដ្ឋ ជួយនាំគ្នាដេញស្ទាក់ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ នៅភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយជនសង្ស័យនាំគ្នា រុញសណ្តោងមក រហូតដល់សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ឃាត់បានម្នាក់។

ចំណែកពីរនាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។ ពេលឃាត់បានអ្នកបើកម៉ូតូអូសសណ្តោងនោះ ត្រូវប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ច មកជួយអន្តរាគមន៍ភ្លាមៗផងដែរ បន្ទាប់មក កំលាំងសមត្ថកិច្ច សួរនាំ។ ជនសង្ស័យម្នាក់ខាងលើ បាននិយាយ ថា គាត់អត់បានលួចទេ ដោយគេសុំជិះសណ្តោង ហើយជនសង្ស័យរត់គេចខ្លួនបាត់អស់ ២នាក់ ក៏គាត់មិនស្គាល់ឈ្មោះដែរ។

ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់គោករកា បានទទួលបណ្តឹងជនរងគ្រោះ ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌព្រែកព្នៅចាត់ការតាមនីតិវិធីបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព