Social Network

មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុង​ពេល​បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បានឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិឃុំបឹងបេង ស្រុកម៉ាឡៃ។

កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ថា ជនសង្ស័យជាមេខ្យល់ ២នាក់ មាន ១.ឈ្មោះ ដឹប នុន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និង២.ឈ្មោះ ម៉ៃ សៃហុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។

កម្លាំងកងរាជអាវុធហត្ថ បានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចេញល្បាតពេលយប់ បានប្រទះឃើញពលករចំនួន ២៥នាក់ ស្រី ១៧នាក់ក្មេង ២នាក់ ត្រូវបានមេខ្យល់ ២នាក់ បម្រុងនាំឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ នៅពេលយប់ នៅចំណុចភូមិសាស្គ្រ ភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានឃាត់ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ។

ពលករប្រុសស្រី ២៥នាក់ បានអោយដឹងថា ពួកគាត់បម្រុងឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ក្នុងម្នាក់ ត្រូវបង់លុយ ចំនួន ៤.០០០បាត។ មេខ្យល់សន្យាជូនទៅដល់កន្លែងធ្វើការ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ចំពោះមេខ្យល់ ២នាក់ ត្រូវបានកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែកពលករចំនួន ២៥នាក់ ត្រូវបានបញ្ជូនដាក់មណ្ឌល ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕

ដកស្រង់ពី៖កោះសន្តិភាព