Social Network

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​រំលោភ​ដី​រដ្ឋ យកទៅ​រៀបចំ​ពុះ​ដីឡូត៍​លក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតគ្រឿងចក្រមួយចំនួន។

ជនសង្ស័យ និងវត្ថុតាងទាំងនេះ ត្រូវបានកងរាជអាវុធហត្ថ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យចំនួន ៨នាក់ ដែលបានឃាត់ខ្លួននេះ មាន៖ ១.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ ៤៩ឆ្នាំ (ជាមេការ) ២.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ (អ្នកសារព័ត៌មាន) ៣.ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបើកអ៊ែស្ការ) ៤.ឈ្មោះ នឿន ណុច ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើកអ៊ែស្ការ) ៥.ឈ្មោះ ម៉ក់ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបើកអ៊ែស្ការ) ៦.ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបើកគោយន្តឆ្នៃដឹកដី) ៧.ឈ្មោះ ឡា សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកបើកឡានដឹកដី) ៨.ឈ្មោះ ហៀង គិមហេង ភេទស្រី អាយុ ៣៧ឆ្នាំ (មុខរបរលក់អីវ៉ាន់អនឡាញ)។ អ្នកទាំង ៨នាក់ រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី។

លោក បានបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ យោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

គ្រឿងចក្រ ជាវត្ថុតាង ដែលបានដកហូត រួមមាន ត្រាក់ទ័រចំនួន ១គ្រឿង គោយន្ត ៣គ្រឿង រថយន្តបែនឆ្នៃដឹកដី ១គ្រឿង រថយន្តដឹកដី ១គ្រឿង អ៊ែស្ការទ័រកាយដី ៣គ្រឿង កាណូតស្មាច់ ៨គ្រឿង ក្បូនបណ្តែតទឹក មានដំបូល ៨គ្រឿង ម៉ាស៊ីនការណូត ១៦គ្រឿង ម៉ាស៊ីនបូមខ្យល់ ១គ្រឿង ម៉ូតូ ៣គ្រឿង ម៉ូតូកង់បី ១គ្រឿង និងទូរស័ព្ទដៃ ០៧គ្រឿង។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង នៅវេលាម៉ោង ៩ព្រឹក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ដែលដកហូត ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទុក។

ចម្លើយសារភាព ឈ្មោះ ហៀង គិមហេង និងប្តីឈ្មោះ គិម សុធារ៉ាន់ បានប្រាប់ថា ដីដែលមានផ្ទៃដីទំហំ ១៧ហិកតានេះ ត្រូវបានទិញពីប្រជាពលរដ្ឋ យកលក់អោយ គឺឈូសឆាយ និងចាក់ដីធ្វើផ្លូវ ដើម្បីរៀបចំគម្រោងពុះដីឡូត៍លក់។

តាមការស្រាវជ្រាវ ដីចំណុច ដែលកំពុងឈូសឆាយចាក់ដីគ្រោងពុះដីឡូត៍លក់នេះ ជាដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផល ខេត្តបន្ទាយមានជ័យ និងជាដែនជម្រកត្រី។ ដូច្នេះ ក្រោយការសាកសួរ កងរាជអាវុធហត្ថ បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព