Social Network

ល្បិច​បន្លំ​យក​លុយ​ពី​ក្នុង​ទូវី​ង​អស់​ជិត​១​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​ម្ចាស់​បាន​ត្រឹម​អង្គុយ​សោកស្តាយ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះវេរលុយវីង ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីចោរមួយក្រុមដែលគេច្រើនតែហៅថា (ក្រុមដៃមឹក) បានបន្លំចូលលួចយកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារទាំងព្រឹក ដែលធ្វើម្ចាស់លុយបានត្រឹមអង្គុយសោកស្តាយ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ឈុំ ស៊ុនណារី ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។បើតាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា អំពើលួចខាងលើនេះ ធ្វើឱ្យជនរងគ្រោះបានបាត់បង់ប្រាក់ជិត១០.០០០ដុល្លារ រួមមាន ៖ ១-លុយខ្មែរ៣៦.០០០.០០០រៀល, ២-លុយដុល្លារ ១.០០០ ដុល្លារអាមេរិក, ៣.សៀវភៅធនាគារអម្រិត ២ក្បាល, ៤-កាតវីង២សន្លឹក និង៥-កាបូបស្ពាយចំហៀង១ ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងមុនកើតហេតុ ជនរងគ្រោះបានបើកតូបលក់អីវ៉ាន់ចាប់ហួយ និងដូរលុយវីងដូចសព្វដង នឹងមានអតិថិជនចេញ-ចូលទិញ និងលក់ដូរដូចធម្មតា លុះដល់វេលាម៉ោង៨និង៣២ នាទីព្រឹក ក៏មានជនសង្ស័យមួយក្រុម ដំបូងមានគ្នា២នាក់ (ក្នុងនោះស្រីម្នាក់) បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់មុខតូបលក់ចាប់ហួយរបស់គាត់ ។

ស្ត្រីរងគ្រោះបន្តថា ពេលនោះជនសង្ស័យម្នាក់ជាស្រីបានចុះពីលើម៉ូតូ រួចដើរទៅសួរគាត់ (ជនរងគ្រោះ) សុំដូរលុយដុល្លារយកលុយខ្មែរ រួចស្ត្រីរូបនោះក៏បានដកប្រាក់ដុល្លារប្រភេទក្រដាស់១០០ ឲ្យទៅជនរងគ្រោះ ហើយគាត់ជាជនរងគ្រោះក៏បានចូលក្នុងទូវីង ដើម្បីយកលុយខ្មែរដូរឲ្យជនសង្ស័យ លុះពេលដូរលុយនោះហើយ ជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ ។

ប្រភពដដែលបន្តថា លុះរហូតដល់ម៉ោង៨និង៥២នាទីព្រឹកថ្ងៃដដែល ពោលគឺកន្លះម៉ោងក្រោយមក ក្រុមជនសង្ស័យដដែលនោះបានជិះម៉ូតូ៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូររបស់គាត់ម្តងទៀត ពេល នោះ ជនសង្ស័យម្នាក់ជាស្រីក៏បានចុះមកទិញស្រាបៀចំនួនមួយកេស ។

ដោយឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏ស្រាប់តែជនសង្ស័យម្នាក់ទៀតក៏បានដើរចូលក្នុងទូវីង រួចធ្វើសកម្មភាពលួច យកលុយរបស់គាត់ ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់តែម្តងទៅ ។

ក្រោយពេលក្រុមចោរដៃមឹកចេញទៅផុត មួយសន្ទុះក្រោយមក ទើបគាត់ (ជនរងគ្រោះ ) បានដឹងថាបាត់លុយអស់រលីងពីក្នុងទូ ភ្លាមនោះជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះពុទ្ធ ដើម្បីឲ្យជួយចាប់ចោរ ប៉ុន្តែនៅពេលកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចុះទៅដល់ ក្រុមចោរដៃមឹកបានគេខ្លួនបាត់អស់ទៅហើយ ។

ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបានដុតដៃដុតជើងធ្វើកំណត់ហេតុ ដើម្បីទុកធ្វើការស្រាវជ្រាវបន្តស្វែងរកមុខសញ្ញាចាប់ខ្លួនក្រុមចោរ (ដៃមឹក) ដែលរាវទូរវីង រួចយកអស់ប្រាក់ជិត១ម៉ឺនដុល្លារអាមេរិកទាំងព្រឹកនេះ ដើម្បីយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕

ដកស្រង់ពី៖កោះសន្តិភាព