Social Network

អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកស្រែករដូក​​រណែល

ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ក្រុមប្រដាប់ដោយកាំបិតនិងពូថៅ បានជិះម៉ូតូដេញកាប់គ្នាយ៉ាងសាហាវ បណ្ដាលឲ្យភាគីម្ខាងរបួសចំនួនចំនួន០៣នាក់ ត្រូវសមត្ថកិច្ចដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យស្នងការខេត្ត រីឯភាគីម្ខាងទៀតដែលច្បាំងឈ្នះ ហើយត្រូវគេដឹងថា ជិះម៉ូតូចំនួន០២គ្រឿង បានជិះគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី១៦ ឧសភា នៅចំណុចខាងអតីតសាច់គោអាំងផ្សារលើ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

មន្ត្រីនគរបាលក្រុងបាត់ដំបងប៉ុន្មាននាក់បានជួយអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ តែទៅទាន់ភាគីម្ខាងដែលច្បាំងចាញ់គេរងរបួសចំនួន០៣នាក់ ដែលកំពុងដេកស្រែកប្រកាច់ប្រកិន ខណៈក្រុមភាគីម្ខាងទៀតជិះម៉ូតូ០២គ្រឿងដែលទទូលជ័យជំនះ បាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល។ ប៉ុន្តែរហូតមកដល់ត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ឧសភា នេះ សមត្ថកិច្ចនូវមិនទាន់ទទួលបានពាក្យបណ្ដឹងពីភាគីណាមួយនៅឡើយទេ។

នេះបើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ច ដែលបានចុះជួយអន្តរាគមន៍ នៅពេលកើតហេតុ។ ប៉ុន្តែបើតាមសមត្ថកិច្ចបានអះអាងថា ភាគីម្ខាងដែលច្បាំងចាញ់គេរហូតរងរបួសចំនួន០៣នាក់ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យនៃស្នងការខេត្តនៅឡើយ មិនទាន់បានដាក់ពាក្យបណ្ដឹងទេ រីឯភាគីម្ខាងទៀតដែលទទូលជ័យជំនះ ក៏គេមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយដែរ។

ដោយឡែក ពាក់ព័ន្ធនឹងការជិះម៉ូតូដេញកាប់ចាក់គ្នាយ៉ាងសាហាវរវាងពួកជនអន្ធពាលចំនួន០២ក្រុមខាងលើនេះ បើតាមប្រភព ព័ត៌មានបានឲ្យដឹងថា ជនពាលទាំង០២ក្រុមនេះ ដំបូងបានប៉ះទង្គិចគ្នានៅមម្ដុំសួនច្បារសម្ដេចក្រឡាហោម ហើយភាគីដែលចាញ់គេមានបក្សពួកចំនួន០៥នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នារត់ឆ្ពោះទៅកាន់ចំណុចកើតហេតុខាងលើ រីឯភាគីម្ខាងទៀតដែលបក្សពួកប្រហាក់ប្រហែលគ្នា បានជិះម៉ូតូ០២គ្រឿងដេញតាមកាប់ពីក្រោយ។

ប្រភពដដែលបានបញ្ជាក់ថា ពេលជិះរត់ទៅដល់ចំណុចខាងលើ ស្រាប់តែភាគីដែលចាញ់បានជិះម៉ូតូបុកម៉ូតូគេផ្សេងទៀតបណ្ដាលឲ្យដួល ទើបត្រូវគូសត្រូវដែលជិះដេញតាមពីក្រោយយ៉ាងប្រកិតតាមទាន់ដកកាំបិតកាប់យ៉ាងឃោរឃៅតែម្ដង ដែលធ្វើឲ្យភាគីចាញ់ដែលមានគ្នា០៥នាក់ រងរបួស០៣នាក់ ខណៈ០២នាក់ទៀតរំដោះខ្លួនរួច រីឯភាគីដៃដល់ក៏នាំគ្នាឡើងជិះម៉ូតូរត់គេចបាត់អស់មុនពេលសមត្ថកិច្ចទៅដល់។

នៅក្នុងឆាកប្រយុទ្ធគ្នាដ៏ឃោរឃៅរវាងពួកជនពាលទាំង០២ក្រុមខាងលើនេះ មិនមានហេតុផលអ្វីផ្សេងពីនេះទេ ប៉ុន្តែបើតាមសមត្ថកិច្ចដែលចុះអន្តរាគមន៍បានវាយតំលៃបែបប៉ាន់ស្មានថា មុនពេលជិះដេញកាប់គ្នាតាមដងផ្លូវ ទំនងពួកគេបានប៉ះទង្គិចគ្នាមួយប្រាវម្ដងមែន ហើយភាគីដែលជិះរត់នេះទំនងជាចាញ់គេ ព្រោះពេលត្រូវភាគីម្ខាងកាប់ឲ្យរបួសដេកដី សមត្ថកិច្ចបានរកឃើញក្រុមដែលចាញ់នេះ មានពូថៅចំនួន០១ ដែលពួកគេដាក់ជាប់ខ្លួន។ ដូច្នេះបានន័យថា ជនទាំង០២ក្រុមនេះ សុទ្ធតែជាជនបង្ក បញ្ហាដូចគ្នា គ្មានភាគីណាមួយដែលជាជនរងគ្រោះទេ។

ទោះយ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងរងចាំទទួលពាក្យបណ្ដឹង តើភាគីណាមួយដែលស្ម័គ្រចិត្តចូលដាក់ពាក្យបណ្ដឹងមុខ ? ប៉ុន្តែភាគីដែលច្បាំងចាញ់ រហូតមានរបួសចំនួន០៣នាក់ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យស្នងការខេត្តនៅឡើយ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច៕

ដកស្រង់ពី៖កោះសន្តិភាព