Social Network

ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះម្នាក់ បន្លំខ្លួនជាអ្នករើសអេតចាយ ពេលយប់ ប៉ុន្តែកន្លងមកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅក្នុងបុរីពិភពថ្មី កួរស្រូវ៣ បានសម្រេចម្ដងរួចមកហើយ។

លុះក្រោយមក ជនសង្ស័យរូបនេះ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ចេញធ្វើសកម្មភាពគាស់ផ្ទះ នៅក្នុងបុរីដដែលនោះទៀត ប៉ុន្តែអស់លក្ខណ៍ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួសនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចេញល្បាត ប្រទះឃើញ ក៏ឃាត់ខ្លួនបាន។ការឃាត់ខ្លួននោះ បានធ្វើឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសដែលជាជនសង្ស័យ និងត្រូវកម្លាំងនគរបាលក្របួចបាននោះ ឈ្មោះ យី វិសាល អាយុ ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនគរបាលធ្វើតេស្តទឹកនោម បានរកឃើញមានសារធាតុញៀន នៅក្នុងខ្លួនផងដែរ។

នគរបាលបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រលួស ក្រោមការណែនាំ និងបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យខាងលើ កំពុងបើកបរម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-0636 សណ្តោងកន្ទុយរ៉ឺម៉ក នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ខណៈនោះ ដោយមានការសង្ស័យកម្លាំងធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង។

ប្រភពភដដែល បានឲ្យដឹងបន្តទៀតថា ក្រោយការឃាត់ខ្លួន កម្លាំងឆែកឆេររកឃើញសម្ភារៈមួយចំនួនមានដូចជា ដែកគាស់ចំនួន១ ដង្កាប់អូតូ១ ដង្កាប់ធម្មតាចំនួន២ ញរញួរ ១ ទួនណាវីស១ កូនសោរលេខ១២ ចំនួន១ កូនសោរតាន់ចំនួន ៥ដើម ដែកដាប់១ ដងទួនណាវីស១ ថ្នាំញៀន ១ថង់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងកាបូបស្ពាយពណ៌ប្រផេះចំនួន១។

ខណៈនោះ ជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង១៣នាទីល្ងាច ខ្លួនធ្លាប់បានចូលមកធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង នៅក្នុងបុរីពិភពថ្មីកួរស្រូវទី៣នេះលួចយកទ្រព្យសម្បត្តិ បានសម្រេចម្តងរួចមកហើយ លុះដល់ពេលនេះ ចេញធ្វើសកម្មភាពម្ដងទៀត ក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះ។

ប្រភពខាងលើ បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីការសាកសួរនៅប៉ុស្តិ៍រលួសមួយជំហ៊ានរួចមកនគរបាលប៉ុស្តិ៍ បានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរបន្ត និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព