Social Network

ទំនាស់​រឿង​របង​ព្រំ​ដី​អាជ្ញាធរ​បែរជា​ចុះ​ផ្អាក​ការដ្ឋាន​មេការ និង​កម្មករ​ផ្ទុះ​ការ​តវ៉ា

រាជធានីភ្នំពេញ ៖ ម្ចាស់បុរីក៏ដូចមេការ និងកម្មករសំណង់បុរី ផេនសៀ ប្រមាណ១០០នាក់ បានមានប្រតិកម្ម យ៉ាងខ្លាំង ដោយផ្ទុះការតវ៉ាខណៈដែលអាជ្ញាធរខណ្ឌឫស្សីកែវបានចុះរុះរបងស័ង្កសីទំនាស់ព្រំដី ព្រមទាំងផ្អាកការដ្ឋានទាំងមូលរង់ចាំការដោះស្រាយគ្នា។

ការតវ៉ានេះ បានផ្ទុះឡើងកាលពីវេលារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសំណង់ ដែលស្ថិតនៅភូមិស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ការផ្អាកសំណង់នេះត្រូវបានខាងបុរីចាត់ទុកថាវាមិនត្រឹមត្រូវនោះទេ។

តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការចុះររើ របងស័ង្កសីនេះដោយសារតែមានទំនាស់ព្រំដីរវាងបុរី និងភាគីខាងលោក ម៉ឹង មករា ដែលមានដីជាប់ព្រំគ្នា។ តាមលោក ប្រាជ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានឲ្យដឹងថា ដោយសារតែមានទំនាស់គ្នារឿងព្រំដោយភាគីម្ខាងប្តឹង ទើបអាជ្ញាធរចុះមករុះរើរបងស័ង្កសីទំនាស់នោះ ព្រមទាំងណែនាំឲ្យផ្អាកការដ្ឋានសាងសង់បុរីជាបណ្តោះអាសន្នសិន រួចធ្វើការសម្របសម្រួលជាមួយអ្នកជាប់ព្រំរហូតដល់ចប់សព្វគ្រប់ទើបអាចបន្តសាងសង់ទៀតបាន។នៅពេលដែលអាជ្ញាធរចុះរុះរើរបង និងផ្អាកការដ្ឋានមេការសំណង់ក៏ដូចជាកម្មករសំណងក៏បាននាំគ្នាជួបប្រមូលផ្តុំដើម្បីតវ៉ាតែម្តង។

លោក គិត ពង្សពិសិដ្ឋ ប្រធានរដ្ឋបាលបុរី ផេន សៀ បានមានប្រតិកម្មថា ការចុះផ្អាកការដ្ឋានសំណង់នេះ វាមិនត្រឹមត្រូវនោះទេ ព្រោះទំនាស់រឿងសាងសងរបងនោះទេ។ ការបិទការដ្ឋានតើឲ្យកម្មករមានការងារណាធ្វើ?។ តាមប្រធានរដ្ឋបាលរូបនោះបានឲ្យដឹងទៀតថា ដំបូងឡើយ លោក ក៏បានផ្តល់ដំណឹងទៅសង្កាត់ ខណ្ឌឫស្សីកែវ ដើម្បីធ្វើរបង ហើយលោកអភិបាលរងក៏បានឲ្យធ្វើទៅកុំឲ្យតែចូលដីគេ។

នៅពេលកាយព្រំធ្វើរបងថ្មក៏បានបាក់របើកស័ង្កសីរបងចាស់របស់ភាគីម្ខាងទៀត។ខណះនោះ ស្រាប់តែអ្នកជាប់ព្រំក៏បានប្តឹងទៅសាលាខណ្ឌឫស្សីកែវហាមឃាត់ព្រមទាំងប្តឹងទាមទារប្រាក់ចំនួន៣ម៉ឺនដុល្លារ តែគាត់សុំធ្វើរបងស័ង្កសីដែលកាយដីបាក់នោះវិញ តែគាត់ពុំព្រម។

លុះក្រោយមកជាងក៏បានធ្វើរបងស័ង្កសីដែលកាយដីបាក់នោះសងវិញ តែម្ចាស់មិនទទួលយកថែមទាំងប្តឹងឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ចុះមករុះរើចោល។ តាមប្រធានរដ្ឋបាល បានឲ្យដឹងទៀតថា ទំនាស់រឿងសង់របងព្រំដីត្រូវផ្អាកការសងរបងមិនត្រូវអាជ្ញាធរ ចុះមកផ្អាកការដ្ឋានសាងសង់សំណង់បុរីទាំងមូល ដែលសាងសង់ជិតរួចរាល់ហើយនោះទេ។

ការដ្ឋានសំណង់បុរីនេះមានច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ត្រឹមត្រូវ។ បើត្រូវផ្អាកគួរតែសមត្ថកិច្ចក្រសួង ឬក៏រដ្ឋបាលរាជធានីភ្នំពេញមិនត្រូវសាលាខណ្ឌចុះផ្អាកនោះទេ៕

ដកស្រង់ពី៖កោះសន្តិភាព