Social Network

តាម​ចាប់​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនជាតិ​ចិន មាន​លុយ​ជាង​២០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អោយដឹងថា ជនសង្ស័យទាំង ២នាក់ ធ្លាប់បានធ្វើកម្មភាពឆក់កាបូប កាលពីវេលាម៉ោងប្រហែល១៥និង៣០នាទី ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីលួចមានស្ថានទម្ងន់ទោស(ឆក់) លើជនជាតិចិន ដោយជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿងម៉ាក Nex សេរី២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ ពេលឆក់បានសម្រេច ពួកគេរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន០២នាក់ នៅចំណុចផ្សេងៗគ្នា មានឈ្មោះដូចខាងក្រោម ៖ ទី១៖ ឈ្មោះ ស្វាយ រិទ្ធី ហៅ (ប៊យ) អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ទី២៖ ឈ្មោះ ជុំ ស៊ីជែន អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅចំណុចសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ វត្ថុតាងដែលដកហូតបាន រួមមាន ៖ ១-ម៉ូតូធ្វើសកម្មភាពឆក់ម៉ាកនិច ០១គ្រឿង ២-ប្រាក់ដុល្លារមួយចំនួន (ប្រាក់ជនរងគ្រោះ) ។

បើតាមចម្លើយរបស់ជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់) ជនជាតិចិន នៅមុខផ្សារផេនស៊ល ពិតប្រាកដមែន ។ បច្ចុប្បន្ន នាយកដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព