Social Network

បើកបរ​រថយន្ត​ដឹក​ខ្សាច់​ពេញ​ទ្រុង ក្នុង​ល្បឿន​លឿន គេច​ជង្ហុក បណ្តាលឱ្យ​ក្រឡាប់ សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល​

ខេត្តប៉ៃលិន៖ អ្នកបើកបររថយន្តដឹកខ្សាច់ពេញទ្រុង ទម្ងន់ជាង ២០តោន ក្នុងល្បឿនលឿន លុះតៃកុងក្រឡេកឃើញជង្ហុក នៅលើដងផ្លូវ ក៏ទាញចង្កូតបួងគេចចេញទៅខាងឆ្វេង ស្រាប់តែជ្រុលទៅក្រឡាប់លើចិញ្ចើមផ្លូវ នៅក្បែរមាត់ប្រឡាយ។

អ្នកបើកបរ រងរបួសស្រាល។ ហេតុការណ៍រថយន្តយីឌុបដឹកខ្សាច់ ក្រឡាប់នេះបានកើតឡើង កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដលថ្ងៃទី២០ ខែឧសភានេះ មិនទាន់មានម្ចាស់ មកស្ទូចយកទៅជួសជុលនៅឡើយទេ។

ប្រភព័ត៌មានបានឱ្យដឹងថា រថយន្តដឹកខ្សាច់យីឌុបខាងលើ ម៉ាកហ្វុយសូ ចង្កូតស្តាំ ពាក់ស្លាក លេខ ពោធិ៍សាត់ 4A-0001 ចម្រុះពណ៌ស លាយខៀវ លឿង ដឹកខ្សាច់ជាង ២០តោន រងការខូចខាតស្រាល។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញតៃកុងរថយន្តខាងលើ បើកបរដឹកខ្សាច់ពេញទ្រុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចខាងលើ ស្រាប់តែឃើញជង្ហុកនៅលើដងផ្លូវ ២កន្លែងក្បែរគ្នា ក៏បួងចង្កូតទៅខាងឆ្វេងដៃ បណ្តាលឱ្យជ្រុលទៅដេកផ្ងាជើងលើចិញ្ចើមផ្លូវក្បែរផ្ទះប្រជាពលរដ្ឋ។ រីឯអ្នកបើកបរព្រលឹងចុងសក់ ដោយក្រោយពីក្រឡាប់រថយន្តដឹកខ្សាច់នេះរួច ក៏បើកទ្វាររថយន្ត ចេញមកក្រៅទាំងមានរបួសជើងស្រាល។

រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រថយន្តដឹកខ្សាច់ខាងលើ មិនទាន់មានថៅកែ ជាម្ចាស់ ណាម្នាក់ ចេញមកស្ទូចយកទៅជួសជុលនៅឡើយទេ។ តែអ្នកជិតខាងមានការរិះគន់ទៅលើតៃកុង ដែលបើកបររថយន្តមានទម្ងន់ធ្ងន់បែបនេះ មិនគួរបើកក្នុងល្បឿនលឿននោះទេ បើសិនជាជ្រុលចង្កូតទៅបុកម៉ូតូ ឬរថយន្ត ដែលធ្វើដំណើរតាមដងផ្លូវជាមួយគ្នានោះ គ្មាននរណាទទួលខុសត្រូវឡើយ ខណ:អ្នកបើកបរស្ទើរតែទាំងអស់ ក្រោយពេលបង្កគ្រោះថ្នាក់រួច តែងតែបើកទ្វាររថយន្តរត់គេចខ្លួន ទុកឱ្យថៅកែជាអ្នកដោះស្រាយ ដែលធ្វើឱ្យក្រុមគ្រួសារអ្នករងគ្រោះ ទទួលនូវវិប្បដិសារីអស់មួយជីវិត៕

ដកស្រង់ពី៖កោះសន្តិភាព