Social Network

ជនសង្ស័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ពីបទ​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់​

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ពីបទនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ទៅប្រទេសជិតខាង។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង ០២រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរបីជាន់ បានល្បាត ក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានប្រទះឃើញពលករខ្មែរលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ១៩នាក់ ក្នុងនោះ ស្រី ០៨នាក់ ហើយបាននាំពលករទាំងនោះ មកប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីធ្វើការសួរនាំពលករទាំង ១៩នាក់នោះ មកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញមុខសញ្ញាជាមេខ្យល់ ចំនួន ០២នាក់ ដែលពាក់ព័ន្ធ ក្នុងចំណោមពលករខ្មែរទាំង ១៩នាក់ ត្រូវឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ម្នាក់មានឈ្មោះ ម៉ៅ ដែ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត ឈ្មោះ ពៅ បូរី ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកពលករ ចំនួន ១៧នាក់ ស្រី ០៨នាក់ ត្រូវបានប្រគល់ឲ្យក្រុមការងារចម្រុះមណ្ឌលសុំចតប្រចាំការនៅច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក៕

ដកស្រង់ពី៖កោះសន្តិភាព