Social Network

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន

ព្រៃវែង៖ កំលាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយទាំងយប់ ដោយបានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សមួយក្រុម ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី២០ឧសភា នៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង ក្រោយមបទបញ្ជាពីលោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដឹកនាំប្រតិបត្តិការផ្ទាល់ ដោយលោកវរសេនីយទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ដោយប្រើប្រាស់វិធានញុះញុង អោយមុខសញ្ញាបង្ហាញមុខ ហើយចូលទៅក្រសោបចាប់តែម្តង។

នៅក្នុងប្រតិបត្តិការនេះ កំលាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់បានមនុស្សប្រុសស្រីចំនួន ៦នាក់ រួមមាន ១.ឈ្មោះ កែវ ចំរ៉ុង ហៅធីយ៉ាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។

ទី២.ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។ ទី៣.ឈ្មោះ ពៅ ហុង ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។

ទី៤.ឈ្មោះ ចាន់ សុខធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។ ទី៥.ឈ្មោះ សោម ធួក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍។ និងទី៦.ឈ្មោះ វឹក សា ហៅតឿ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍។

ចំណែកឯវត្ថុតាង ដែលដកហូត បានរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន ០៧កញ្ចប់ ធំ០៤ តូច០៣ ទម្ងន់សរុប១២,៦៧ ក្រាម ទូរសព្ទ័ដៃចំនួន០៦គ្រឿង (ខូច០១) ឧបករណ៍ជក់ថ្នាំញៀន ០១សម្រាប់ ដែលកេះចំនួន ០៤ និងដាវមុខស្រួចចំនួន១។

ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ជនសង្ស័យទាំង ៦នាក់ ត្រូវបាននាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ហើយនៅថ្ងៃទី២៤ឧសភា កំលាំងកងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជូនជនសង្ស័យទាំង ៦នាក់ ទៅកាន់សាលាដំបូងខេត្តព្រៃវែង ចាត់ការតាមនីតិវិធី។

ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ នៅព្រឹកថ្ងៃទី២៤ឧសភានេះ គឺមានពត៌មានបែកធ្លាយ មកថា ពេលនេះ កំពុងតែមានអ្នកចង់រត់ការ សុំដោះលែងជនសង្ស័យ ៣នាក់ ក្នុងចំណោម ៦នាក់ អោយមានសេរីភាពវិញ ហើយខណៈពេលនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានដាក់បទចោទប្រកាន់លើជនសង្ស័យទាំង ៦នាក់រួចហើយ និងបានរុញសំណុំរឿងនេះ ទៅដល់ដៃលោក ស សំណាង ចៅក្រមស៊ើបសួររួចហើយដែរ ដូច្នេះគេរងចាំមើលថា តើជនសង្ស័យទាំង ៦នាក់នេះ មានប៉ុន្មាននាក់ត្រូវជាប់ទ្រុង? ហើយប៉ុន្មាននាក់អាចរួចខ្លួន?៕

ដកស្រង់ពី៖កោះសន្តិភាព