Social Network

ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែល​ចូលទៅដឹកភ្ញៀវនៅតំបន់ក្រហម ផ្ទុះការតវ៉ា​ពេល​អាជ្ញាធរតម្រូវឲ្យបង់ការផាកពិន័យ

ភ្នំពេញ៖ ក្រោយពីការធ្វើចត្តាឡីស័កចប់រយៈពេល ១៤ថ្ងៃ ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលត្រូវអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ ខណៈពេលចូលទៅដឹកភ្ញៀវ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ខ្លាំង នៅតំបន់ក្រហម កាលពីកន្លះខែមុននោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។

ប៉ុន្តែអាជ្ញាធរតម្រូវឲ្យពួកគាត់ បង់ការផាកពិន័យទៅតាមច្បាប់លើបទល្មើសខាងលើនោះ ទើបប្រគល់រថយន្ត ឬម៉ូតូកង់បីឲ្យវិញ ស្រាប់តែក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បីទាំងនោះសម្ដែងការមិនពេញចិត្ត ហើយនាំគ្នាតវ៉ា ដោយពុំព្រមបង់ការផាកពិន័យនោះឡើយ។ ការតវ៉ាខាងលើនោះ បានកើតឡើងហេតុការណ៍នោះ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែឧសភា នៅចំណុចទីតាំងរក្សាទុករថយន្ត និងកន្លែងផាកពិន័យ ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាទៅកាន់លោក ម៉ន វុធី អធិការនគរបាលខណ្ឌ ឲ្យរៀបចំលើកិច្ចការផាកពិន័យទៅតាមច្បាប់ ចំពោះក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលចូលទៅដឹកភ្ញៀវនៅតំបន់ក្រហម នាភូមិសាស្រ្តភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ នៅក្នុងអំឡុងពេលកំពុងផ្ទុះឡើងខ្លាំងនៃជំងឺ COVID-19។ នៅក្នុងបទបញ្ជានោះ លោកអភិបាលខណ្ឌ បានឲ្យនគរបាលផាកពិន័យ សម្រាប់រថយន្តឈ្នួល ១គ្រឿង ២លានរៀល និងម៉ូតូកង់បី ១គ្រឿង ១លានរៀល ទើបប្រគល់រថយន្ត និងម៉ូតូកង់បីឲ្យវិញ។

ប្រភពដដែលបានបន្តថា ខណៈនោះ ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បីខាងលើ បានបញ្ចេញប្រតិកម្មតវ៉ាភ្លាមៗ ដោយពួកគាត់ បានទាមទារ សុំយករថយន្ត និងម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញ ដោយពុំចាំបង់ការផាកពិន័យឡើយ។ ពួកគាត់និយាយថា គ្មានប្រាក់ សម្រាប់បង់ការផាកពិន័យនោះទេ ព្រោះរយៈពេលកន្លះខែមកនេះ ត្រូវអាជ្ញាធរឃាត់ឲ្យធ្វើចត្តាឡីស័ក ហើយពួកគាត់ស្ថិតនៅតែក្នុងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាវត្តគោកបញ្ជាន់រហូត។

ចំណែកឯរថយន្ត និងម៉ូតូកង់បី ក៏ត្រូវបានដកហូត យកទៅរក្សាទុកនៅដីវាលមួយកន្លែង ស្ថិតនៅជិតសាលាសង្កាត់ចោមចៅទី២ នោះដែរ ហើយពួកគាត់ ពុំបានរកស៊ីដឹកម៉ូយ ឬអីវ៉ាន់អ្វី ដើម្បីបានប្រាក់សោះឡើយ។

ប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា ក្រោយអាជ្ញាធរបានពន្យល់ពីផ្លូវច្បាប់ និងទោសកំហុស ដែលពួកគាត់បានប្រព្រឹត្ត ព្រមទាំងមានការសម្របសម្រួលគ្នា ទើបមានការស្ងប់ស្ងាត់ ហើយអ្នកខ្លះខ្ជិលវែងឆ្ងាយសុខចិត្តបង់ និងនាំយករថយន្ត និងម៉ូតូកង់បី ចាកចេញទៅ។ រីឯអ្នកខ្លះទៀត គ្មានលុយបង់បានត្រឹមទៅផ្ទះតែខ្លួនប៉ុណ្ណោះ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដកស្រង់ពី៖កោះសន្តិភាព