Social Network

ឃាត់ខ្លួន​មេខ្យល់ ៣​នាក់ ដែល​នាំ​ពលករ​ខ្មែរ ៤​នាក់ បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនមេខ្យល់ ៣នាក់ ដែលនាំពលករខ្មែរ ៤នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ មេខ្យល់ទាំងនោះ ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ៣នាក់នេះ មាន៖ ១.ឈ្មោះ ជូន ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ២.ឈ្មោះ វី ចិត្ត្រា ភេទប្រុស អាយុ ៣២ឆ្នាំ ៣.ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ សង្កាត់ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ គឺកម្លាំងបានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យទាំង ៣នាក់នេះ បានធ្វើសកម្មភាពនាំពលករចំនួន ៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចព្រំដែនភូមិសាស្ត្រភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនពលករខ្មែរ ៤នាក់ ហើយនាំយកមកសាកសួរ គឺពួកគេបម្រុងឆ្លងដែន តាមរយៈមេខ្យល់ទាំង ៣នាក់ខាងលើ ក្នុងម្នាក់តំលៃ ៥០០០បាត បម្រុងជូនឆ្លងដែនរកការងារធ្វើ និងជូនដល់កន្លែងការងារ។

តែត្រូវសមត្ថកិច្ច បានឃាត់ខ្លួនពលករទាំងនោះ និងបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ លោកបានបញ្ជាក់ថា ដោយយោងតាមចម្លើយពលករ កម្លាំងកងរាជអាវុធហត្ថ បានស្រាវជ្រាវមុខសញ្ញា ឃាត់ខ្លួនមេខ្យល់ ៣នាក់ និងមធ្យោបាយដឹកជញ្ជូន តាមរយៈម៉ូតូ ២គ្រឿង។ មេខ្យល់ទាំងនេះ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព