Social Network

រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​ ​មេខ្យល់​២នាក់ឪពុក​-កូន​ត្រូវ​បាន​ចាប់ខ្លួន

ខេត្តកំពង់ចាម ៖ កាលពីល្ងាច ថ្ងៃទី២៨ កុម្ភៈ ២០១៥ តុលាការបានចេញដីកា ឃុំខ្លួនមេខ្យល់ ឪពុក និងកូនស្រី ដាក់ពន្ធនាគារខេត្ត បណ្តោះអាសន្នដោយ ចោទប្រកាន់ពីបទ នាំមនុស្សចេញ ដោយមិនស្របច្បាប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ។

លោកវរសេនីយ៍ត្រី ថូ ឡងឌី នាយរងការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ច ចាប់ខ្លួន ឈ្មោះ សឹម អេល អាយុ៥៥ឆ្នាំ ជាឪពុក និងកូនស្រីឈ្មោះ អេល ម៉ារី អាយុ៣៨ ឆ្នាំ រស់នៅ ភូមិ កញ្ជោរ ឃុំ សេដា ស្រុក តំបែរ ខេត្ត ត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ថូ ឡងឌី នាយរងការិយាល ប្រឆាំងការ ជួញដូរមនុស្សខេត្ត ប្រាប់បន្តថា ជនរងគ្រោះ មានអាយុ១៥ឆ្នាំ និងម្នាក់ទៀតអាយុ២៣ឆ្នាំ មានទីលំនៅ ភូមិ ជីធាង ឃុំ សេដា ស្រុក តំបែរដែរ ត្រូវបានមេខ្យល់ ពីរនាក់ឪពុកកូន លួងលោមឲ្យទៅ បំរើការងារ ជាកម្មការិនីកាត់ដេរ សំលៀកបំពាក់នៅ ប្រទេសម៉ាឡេស៊ី កាលពីល្ងាច ថ្ងៃទី១៤ វិច្ឆិកា ២០១៤ ។

លោកថា ក្រោយពីបានទៅដល់ ប្រទេសម៉ាឡេស៊ី ហើយនោះ បានធ្វើការពិតមែន តែត្រូវគេចល័ត ពីកន្លែងមួយ ទៅកន្លែងមួយ ដោយមិនមានប្រាក់កំរៃឡើយ ។ ក្រោយពីបានលេចឮ ដល់គ្រួសារជនរងគ្រោះ ក៏បានប្តឹងទៅ ស្ថាប័នជំនាញ ដើម្បីឲ្យជួយ អន្តរាគមន៍ ដោយបានរំដោះ អ្នករងគ្រោះ ជាខ្មែរអ៊ិស្លាម ទាំង២នាក់ ត្រឡប់មកផ្ទះវិញ ជាមួយនោះ មេខ្យល់ពីរនាក់ ដែលជាខ្មែរអ៊ិស្លាម ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៦ កុម្ភៈ ត្រង់ចំណុច ចំការស្វាយចន្ទីរ ភូមិ ជីធាង ឃុំ សេដា ស្រុក តំបែរ ក្រោមកិច្ចសហការជាមួយ នគរបាលការិយាល័យ ប្រឆាំងការជួយដូរ មនុស្សខេត្តត្បូងឃ្មុំ៕

ដកស្រង់ពី៖ កោះសន្តិភាព