Social Network

បេ​ស​កកម្ម​៣​ថ្ងៃចាប់​បានជនឧក្រិដ្ឋ​៦​នាក់​ដោយ​ជោគ​ជ័យ​

រាជធានីភ្នំពេញ ៖ ជាលទ្ធផលជោគជ័យមួយនៃបេសកកម្មរយៈពេល៣ថ្ងៃ បង្ក្រាបលើទីតាំងកែច្នៃផលិតគ្រឿងញៀន៤កន្លែងរបស់កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការសហការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម ។

ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តមនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

រយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៨.២៩.និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដែលមាន លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ត កណ្តាល លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ ការដឹកនាំ សម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ សើុបអង្កេត ស្រាវជ្រាវ បង្ក្រាប ។

លទ្ធផលឈានដល់ការឃាត់ខ្លួនជនឧក្រិដ្ឋ ជាជនបរទេសចំនួន៦ នាក់ និងឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅខ័ណ្ឌច្បារអំពៅ ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យ ៦ នាក់ ដែលឃាត់ខ្លួន ៖ ១.ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ។ ២.ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។

៣.ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។ ៤.ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។ ៥.ឈ្មោះ CHEN SHEN TANG ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ ចិន ។

៦.ឈ្មោះ LI YI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ចិន ។ វត្ថុតាងចាប់យកវត្ថុតាងគ្រឿងញៀន ៖ ១.សារធាតុញៀនប្រភេទ(ថ្នាំក្រវី) អិចស្តាស៊ី (MDMA) ទម្ងន់ ៩៤ គីឡូ ៣១២.៨៨ ក្រាម ។ ២.សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម ។

៣.សារធាតុផ្សំ (P2P)ទម្ងន់ ១០គីឡូ ៥១៩.៨៨ក្រាម ។ ក្នុងនោះចាប់យកសម្ភារៈវត្ថុតាងមួយចំនួនទៀតដូចមាន ៖ ១.សម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ ។

២.រថយន្ត ២គ្រឿង ។ ៣.អាវុធខ្លី ២ដើម( ម៉ាកCF98-9 បង់ ២ គ្រាប់ចំនួន ១៥គ្រាប់ និង ម៉ាក P0220 បង់ ២ និងគ្រាប់ចំនួន ៧គ្រាប់) ។ ៤.អាវុធខ្លី(កែច្នៃ) ២ដើម ៥.ខ្នោះដៃ ២គូរ ៦.ទូរស័ព្ទដៃ ២គ្រឿង ។

ក្រោយបញ្ចប់បេសកកម្មថ្ងៃនោះ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំបែបបទប្រគល់ជនសង្ស័យ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព