Social Network

បង្ក្រាប​ជនសង្ស័យ លួចគោដ៏សកម្ម ​៣នាក់​ នៅ​ស្រុក​បាណន់

 ខេត្តបាត់ដំបង ៖ ជនសង្ស័យ លួចគោ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ច របស់ស្នងការខេត្ត សហការជាមួយ សមត្ថកិច្ច ស្រុកបាណន់ ធ្វើការបង្ក្រាបបាន ខណៈពួកគេកំពុង ធ្វើសកម្មភាព កាប់ពន្លះយក សាច់គោ ២ក្បាល កាលពីវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១០ មីនា ២០១៥ នេះ ស្ថិតនៅចំណុចភូមិស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះឈីត ឌីណូ អាយុ៣៥ឆ្នាំ មានទីលំនៅ ក្នុងភូមិថ្មី ឃុំស្រាង ស្រុកបាណន់ ខេត្តបាត់ដំបង ២-ឈ្មោះម៉េត ធី ហៅហាត អាយុ៤៥ឆ្នាំ មានទីលំនៅ ក្រុង ប៉ោយប៉ែត និង៣-ឈ្មោះចាន់ ប៊ុន អាយុ៤៧ឆ្នាំ មានទីលំនៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកឯវត្ថុតាង ដែលរឹបអូស បានមានក្បាល២, កាំបិត៣, មួក១, សម្ភារមួយចំនួន និងរថយន្តកាមរីគូទស្វិត ១គ្រឿងផងដែរ ។

គួរបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់នេះ គឺជាមុខសញ្ញា លួចគោដ៏សកម្មបំផុត ដែលកម្លាំងសមត្ថកិច្ច ធ្វើការតាមប្រមាញ់ ជាច្រើនថ្ងៃមកហើយ ។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ កំពុងនាំមកសាកសួរ នៅអធិការដ្ឋានស្រុកបាណន់ ដើម្បីចាត់ការ តាមផ្លូវច្បាប់  ។

 

ដកស្រង់ពី៖កោះសន្តិភាព