Social Network

សមត្ថកិច្ច ចាប់ស្រ្តីម្នាក់ទៀត ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ពេលកំពុងហូបការ

កំពង់ចាម៖ លោក ប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម នៅល្ងាចថ្ងៃនេះ កម្លាំងសមត្ថកិច្ច របស់លោក បានឃាត់ខ្លួន ស្រ្តីម្នាក់ទៀត ជាមេជួញដូរ គ្រឿងញៀន ដ៏សកម្មម្នាក់ បន្ទាប់ពីបក្ខពួក របស់ស្រ្តីរូបនេះចំនួន ៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យមុននេះ នៅក្នុងបុរីប៉េងហួត ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ស្រ្តីជាជន សង្ស័យជួញដូរ គ្រឿងញៀន ត្រូវបានឃាត់ខ្លួន ខណៈកំពុង ហូបការនៅ ស្រុកចំការលើ ខេត្តកំពង់ចាម នាម៉ោង ៥៖០០ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ នេះ។

មន្រ្តីនគរបាល ស្រុកចំការលើ បានឲ្យដឹងថា ស្រ្តីជាប់សង្ស័យការ ជួញដូរថ្នាំញៀនេះ មានឈ្មោះ ម៉ ដាលីន អាយុ ៣០ឆ្នាំ។ ក្រោយការឃាត់ខ្លួន ស្រ្តីសង្ស័យ ត្រូវបានប្រគល់ឲ្យ មន្រ្តីមន្ទីរនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាល ការិយាល័យ នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ ព្រះអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន ដ៏ធំមួយ ស្ថិតនៅ ផ្ទះលេខ១២៣ ផ្លូវអេ១៥ ក្នុងបុរីប៉េងហួត ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនល្មើស ៣នាក់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ប្រមាណ ១គីឡូក្រាម ៕