Social Network

បុរស​សេដ្ឋី​ប្រាក់​លាន ចែក​លុយ​ឲ្យ​ម្នាក់​ៗ ១០០​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនពី​បទ ​ឆបោក

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ពីបទឆបោក តាម(អនឡាញ)នៅបណ្តាញសង្គមហ្វេសប៊ុក ។

ប្រភពពីមន្ត្រីនគរបាលស្រុកថាឡាបរិវ៉ាត់ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ កុង សិលា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ប្រភពដដែល បន្តថា សមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសឆបោក(អនឡាញ) នៅលើបណ្តាញសង្គមហ្វេសប៊ុក និងចរាចរណ៏ប្រាក់ដុល្លារក្លែងក្លាយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ កន្លងមក ។ កម្លាំងជំនាញ បានធ្វើការចាប់យកវត្ថុតាងបាន រួមមាន ៖

-លុយសែនចំនួន ១០ដុំ ក្រដាសហ្វូតូគុបពី១០០ដុល្លារ (សម្រាប់សែនក្នុងពិធីបុណ្យទាន)

-កងដៃមួយឈុត មាន៧កង ជាលោហធាតុ ពណ៏លឿង (កាឡៃ)

-ទូរស័ព្ទម៉ាក N ចុចពិល ដែលមានលេខ 031 4444676

-ខ្សែក កាឡៃ ចំនួន ៣ខ្សែ ជាលោហៈធាតុ ពណ៌លឿង

-ខ្សែដៃកាឡៃ១០០ដុល្លារ ជាលោហៈធាតុ ពណ៌លឿង

-វិក័យប័ត្រ ផ្ញើអីវ៉ាន់ ជូនអតិថិជនចំនួន ២២៣សន្លឹក

-ទូរសព្ទដៃ ម៉ាកវីវ៉ូ និងស៊ីមកាតចំនួន ៤ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។ សូមជម្រាបដែរថា នាពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈបុរសម្នាក់ បានតាំងខ្លួនឯងជាសេដ្ឋីប្រាក់លាន ចេញមុខ ចែកលុយដោយគ្មានលក្ខខណ្ឌ ទៅឲ្យមហាជនជាអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ ម្នាក់ៗទទួលបាន១០០ដុល្លារ ដោយគ្រាន់តែ ទម្លាក់លេខទូរសព្ទ និងទីតាំង ជាការស្រេច ។ នៅក្នុងវីដេអូផ្សាយផ្ទាល់ បុរសឆបោករូបនេះ បានបញ្ជាក់ទៅកាន់អ្នកលេងបណ្តាញសង្គមថា ថ្ងៃនេះ ចែកលុយ ដោយចំណាយខ្ទង់ ៥លានដុល្លារ សូមបងប្អូនទំលាក់លេខទូរសព្ទ និងទីតាំង នឹងទទួលបានម្នាក់១០០ដុល្លារ ។ តែទន្ទឹមនោះដែរ រូបគេសុំឲ្យបងប្អូនគ្រាន់តែជួយស៊ែរ និងឡាចផេកម្នាក់មួយៗ តែប៉ុណ្ណោះ។ ទីបំផុតទៅ សេដ្ឋីប្រាក់លាន ត្រូវជាប់ខ្នោះ វាស់កម្ពស់បានសម្រេច កុំចេះតែហ៊ានឆបោក ៕

ដកស្រង់ពី៖ កោះសន្តិភាព