Social Network

ប្រទះ​ឃើញ​រថយន្ត RANGE ROVER ប្លុង​ចោល​នៅ​ផ្លូវជាតិ​លេខ​៤ ផ្អើល​អស់​ពលរដ្ឋ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានជនជាតិចិនបានបើករថយន្ត RANGE ROVER មួយគ្រឿង យកទៅទុកប្លុងចោល ហើយម្ចាស់រថយន្តក៏ចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សេចក្តីរាយការណ៍បន្តថា រថយន្តខាងលើនេះ ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA5988 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ហើយចតឈប់ចោលនៅចិញ្ចើមផ្លូវតែម្តង។

បើតាមប្រភពព័ត៌មានបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលអ្នកឃើញហេតុការណ៍ បាននិយាយប្រាប់ឱ្យដឹងថា នៅមុនកើតហេតុ គាត់បានឃើញរថយន្តសង្ស័យខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចស្តុបទំនប់កប់ស្រូវ ក៏បានបើករថយន្តទៅឈប់អែបចិញ្ចើមផ្លូវ រួចជនជាតិចិនក៏នាំគ្នាចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង ដោយបន្សល់ទុកតែរថយន្តចោល ។ ប្រភពដដែលបន្តថា បន្ទាប់មក ប្រជាពលរដ្ឋក៏បានឃើញរថយន្តដែលត្រូវគេប្លុងចោលនេះ មានខ្ទេចផ្នែកខាងមុខ និងជំហៀង ដោយមានការសង្ស័យថា ជាករណីបុករត់ ក៏បានទាក់ទងប្ដឹងទៅសមត្ថកិច្ចឱ្យមកកន្លែងកើតហេតុភ្លាមៗនោះដែរ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយដោយមិនឃើញម្ចាស់រថយន្ត ក៏ទាក់ទងទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យតែម្តង។ប្រភពព័ត៌មានមួយទៀតមក៏បានបញ្ជាក់ប្រាប់ដែរថា រថយន្ដខាងលើ បានបើកបុកគេនៅសង្កាត់ និងខណ្ឌផ្សេង ហើយក៏បានបើករត់គេចខ្លួនមកចូលខាងសង្កាត់ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកក៏ទុករថយន្តចោល ចំណែកម្ចាស់រថយន្តវិញក៏ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ។ ដូច្នេះតាមរយៈភិនភាគរថយន្តដោយមានភ្ជាប់ជាមួយស្លាកលេខ ផងនោះ សង្ឃឹមថា អាជ្ញាធរនឹងរកឃើញដំណើរដមចមនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ និងរឿងរ៉ាវពិតនៃហេតុការណ៍មួយនេះ ។ ក្រោយពេលកើតហេតុ ផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះទៅអូសយករថយន្តសង្ស័យខាងលើ ទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយនៅថ្ងៃក្រោយបន្តទៀត។

ដកស្រង់ពី៖ កោះសន្តិភាព