Social Network

ឆេះផ្ទះជាន់ទី៣ នៅកណ្តាលទីរួមខេត្តកំពង់ធំ! ​ឡានទឹក​ បា.ញ់មិនដល់!

មួយពព្រឹចភ្នែក ផ្ទះល្វែងនៅជាន់ទី៣ ត្រូវភ្លើងឆេះហ្មត់។ ហេតុការណ៍នេះ កើតឡើងនៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺនៅជិតវិមានឯករាជ្យ កណ្តាលទីរួមខេត្តកំពង់ធំ កាលពីវេលាម៉ោង ១៦ និង២០នាទី ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ពាក់ព័ន្ធអគ្គិសភ័យឆេះផ្ទះនេះ លោកវរសេនីទោ គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន ប្រាប់ថា ម្ចាស់ផ្ទះ មានឈ្មោះ សេង ហ៊ាន ភេទប្រុស អាយុ ៥៤ ឆ្នាំ។ ផ្ទះល្វែង ដែលឆេះនោះ នៅជាន់លើទី៣ មានទំហំទទឹង ៤ម × ១៥ម ធ្វើអំពីថ្មលាយឈើ និងប្រក់សង្ក័សី។ ឆេះឆេះ ខូចខាតផ្ទះទាំងស្រុង រួមជាមួយនឹងសម្ភារៈ រួមមាន៖ លុយខ្មែរប្រហែល ៣,០០០,០០០ រៀល ទូរទស្សន៍ ៣គ្រឿង ទូរខោអាវ ១ និង ៥.កុំព្យូទ័រ ១ឈុត រួមនឹងសម្ភារៈផ្សេងៗមួយចំនួនទៀត។ លោកបន្ថែមថា ករណីអគ្គិសភ័យខាងលើនេះ រថយន្តពន្លត់អគ្គិសភ័យ ពុំអាចជួយសង្គ្រោះឲ្យបានទាន់ពេលវេលានោះទេ ដោយសារតែផ្ទះជនរងគ្រោះ ស្ថិតនៅជាន់ទី៣ គឺនៅលើដំបូលផ្ទះថ្ម ពិបាកក្នុងការបាញ់ទឹកពន្លត់។ ក្នុងការជួយអន្តរាគមន៍នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើរថយន្តពន្លត់អគ្គិភ័យអស់ទឹក ចំនួន ១៥រថយន្ត ដោយប្រើរយៈពេលជាងមួយម៉ោង ទើបពន្លត់បាន មួយរយភាគរយ ដោយប្រើប្រាស់កម្លាំងស្នងការខេត្ត កម្លាំងអធិការក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារ និងកម្លាំងអាវុធហត្ថ សរុបជាង ១០០នាក់។

យោងតាមការស្រាវជ្រាវ ហេតុការណ៍នេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ជាការកត់សម្គាល់ ក្នុងហេតុការណ៍ជួយអន្តរាគមន៍នេះ ក៏មានលោក កែវ រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ច្រើននាក់។ តែលោកអភិបាលខេត្ត រួមទាំងអាជ្ញាធរសមត្ថកិច្ច និងប្រជាពលរដ្ឋច្រើននាក់ បានត្រឹមតែឈរមើលភ្លើងឆេះផ្ទះនោះ ដោយសារតែឡានទឹក មិនមានជណ្តើរខ្ពស់ ឬអាចទាញទុយោ ឡើងទៅបាញ់ផ្ទះឆេះនោះ បានឡើយ។ នេះជាករណីសិក្សា ដែលអាជ្ញាធរខេត្តកំពង់ធំ គួរតែរកឡានទឹក ដែលមានជណ្តើរខ្ពស់ ឬក៏បច្ចេកទេសណា ដែលអាចក្រុមអ្នកពន្លត់អគ្គិភ័យ ចូលអន្តរាគមន៍ដល់ផ្ទះឆេះ នៅជាន់លើៗ៕

ដកស្រង់ពី៖ កោះសន្តិភាព