Social Network

ហួសចិត្ត​លោក​ចោរ លួច​បាន​៥០០​ក្រវិល​កំប៉ុង​ តែនៅ​បន្ត​គាស់​ផ្សង​រក​រង្វាន់​ធំ សមត្ថកិច្ច​មក​ទាន់ ចាប់ខ្លួន

ពិតជារឿងដ៏ហួសចិត្តនឹងលោកចោរម្នាក់ ដែលបានចូលគាស់តូបលក់ចាបហួយមួយកន្លែង ក្នុងបំណងគាស់ក្រវិលភេសជ្ជៈ ស្រាបៀរ ដើម្បីយករង្វាន់ ពេលលួចបានប្រមាណ ៥០០ក្រវិលកំប៉ុងហើយ លោកចោរមិនអស់ចិត្តទេ នៅគាស់ផ្សងតាមរករង្វាន់ធំបន្តទៀត កំពុងតែជក់ចិត្តអ៊ុតរករង្វាន់ធំនោះ ស្រាប់តែសមត្ថកិច្ចមកទាន់ និងចាប់ឃាត់ខ្លួនតែម្តងទៅ ។

ហេតុការណ៍ចោរកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ស្លេះ ខួច អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែកឯម្ចាស់តូបរងគ្រោះ មានឈ្មោះ ឡាញ់ សែន អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ិន ដា ។ បើតាមបុរសរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ រូបគាត់ និងប្រពន្ធបានបិទតូបឈប់លក់អីវ៉ាន់ ឡើងទៅសម្រាកលើផ្ទះ លុះដល់ម៉ោង១២ និង១០នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ គាត់បានឮសំឡេងឆ្កែព្រូសខ្លាំងៗ ក៏ក្រោកពីដេក លបមើលទៅខាងក្រោមផ្ទះ ក៏បានឃើញបុរសម្នាក់ កំពុងឈរក្នុងតូប ហើយភ្លាមៗនោះ គាត់ក៏បានដាស់ប្រពន្ធ ឲ្យទូរសព្ទទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បន្ទាប់មក ក៏មានកម្លាំងនគរបាល ចុះមកចាប់ខ្លួនជនសង្ស័យម្នាក់នោះ តែម្ដង ។

នៅពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានគាស់ទ្វារតូបពីក្រោយ ចូលលួចពិតប្រាកដមែន ដោយខ្លួន បានគាស់យកតែក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយកទៅដូររង្វាន់ ។ ក្នុងនោះខ្លួនគាស់ខារ៉ាបាវ អស់០៦កំប៉ុង គាស់ស្រាបៀរហ្គេងស្បឺក អស់២៤កំបុង និងភេសជ្ជៈ វឿក អស់ប្រហែលកន្លះកេស គាស់ឆែមពាន អស់ប្រហែល ៩កំប៉ុង គាស់គោជល់ប្រហែល ១២កំប៉ុង និងបានយកក្រវិលដែលត្រូវរង្វាន់ស្រាប់ ចំនួន០៤ថង់ទៀត ដោយបម្រុងចេញពីតូបទៅហើយ តែនៅជក់ចិត្តតាមផ្សងរករង្វាន់ធំ ក៏បន្តគាស់កំប៉ុងស្រាបៀរ ស្រាប់តែសមត្ថកិច្ចចុះមកទាន់ និងចាប់ឃាត់ខ្លួន តែម្តងទៅ ។ ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្រវិលកំប៉ុងដែលត្រូវរង្វាន់ ទាំងស្រាបៀរ និងទាំងភេសជ្ជៈ ចំនួន ៥០០ក្រវិល ប្រគល់ជូនជនរងគ្រោះវិញ ។ ហើយជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព