Social Network

ចាប់​ផាកពិន័យ​រឿង​អត់​មួក​ អត់​កញ្ចក់ បែរជា​បែកធ្លាយ​ខ្ទេច​រឿង​ម៉ូតូ​កំពុង​ជិះ

កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌ៧មករា បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍នៅវិទ្យាល័យបាក់ទូក ហើយក៏ឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលជិះម៉ូតូមួយគ្រឿងអត់ពាក់មួកសុវត្ថិភាព រួចធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញឧបករណ៍កាច់.កម៉ូតូមួយកំប្លេរ បន្ទាប់មកធ្វើការសួរនាំទើបដឹងថា ម៉ូតូដែលពួកគេកំពុងតែជិះនេះ គឺទើបតែលួចគេបាន ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះនាំមកកាន់ប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីសួរនាំតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ មុខវិទ្យាល័យបាក់ទូក ផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

បើតាមប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌ៧មករា បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍នៅទីតាំងកើតហេតុខាងលើ ហើយក៏មានជនសង្ស័យចំនួន៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IR-3275 ឌុបគ្នា ទាំងដែលម៉ូតូគ្មានកញ្ចក់ឆ្លុះមើលក្រោយ និងមិនពាក់មួកសុវត្ថិភាពទៀតផង ។ប្រភពដដែលបានបន្តទៀតថា ដោយឃើញដូច្នោះ សមត្ថកិច្ចក៏បានហៅបុរសទាំង៣នាក់នោះ ចូលមកធ្វើការផាកពិន័យ ស្រាប់តែជនសង្ស័យទាំងនោះភ័យស្លន់ស្លោ ហើយបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាន់ រួចត្រួតពិនិត្យ និងឆែកឆេរលើខ្លួនជនសង្ស័យទាំង៣នាក់នោះ ស្រាប់តែរកឃើញឧបករណ៍កាច់.កម៉ូតូមួយកំប្លេរ តែម្តង។ប្រភពដដែលបន្តថា បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសួរនាំតាមនីតិវិធីជំនាញ ក៏បែកធ្លាយរឿងម៉ូតូដែលពួកគេកំពុងតែជិះនោះ គឺជាម៉ូតូដែលទើបនឹងលួចគេបានពីខណ្ឌសែនសុខមក ក្រោយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះនាំយកមកកាន់ប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ សួរនាំបន្ត និងចាត់ការតាមនីតិវិធី ។ក្រោយពេលកើតហេតុ បន្ទាប់ពីសួរនាំដឹងរឿងហើយ សមត្ថកិច្ចខណ្ឌ៧មករា ក៏បានប្រគល់ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងម៉ូតូមួយគ្រឿងអោយទៅសមត្ថកិច្ចខណ្ឌសែនសុខ មកទទួលទៅចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព