Social Network

មឹក​ដាក់​គីមី ត្រូវ​មន្ត្រី​ជំនាញ​ដកហូត ៦៨​គីឡូក្រាម ពី​កន្លែង​លក់​គ្រឿង​សមុទ្រ​នៅ​ផ្លូវ​ត្រឡោក​បែក

មន្ត្រីជំនាញ នៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បានសហការជាមួយមន្ត្រី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ ចល័តផ្នែកម្ហូបអាហារ បន្តចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ ក្នុងនោះមន្ត្រីជំនាញ រកឃើញមឹកបកធំ ចំនួន ៦៨គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវត្រឡោកបែក និងអូរបែកក្អម ក្នុងគោលបំណង ដើម្បីស្វែករកទំនិញ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិត ក្នុងធុរកិច្ចទីផ្សារ ។ បើតាមប្រធានសាខាកាំកុងត្រូល រាជធានីភ្នំពេញ បានអោយដឹងថា មន្ត្រីជំនាញ បានចុះពិនិត្យមើលកន្លែងលក់គ្រឿងសមុទ្រទាំងអស់ នៅទីតាំងខាងលើ ដោយក្រុមការងារបានស្រង់យកគំរូសំណាក ចំនួន៤៨ មកវិភាគនៅរថយន្តពិសោធន៍ ។ ជាលទ្ធផល រកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ចំនួន ៣គំរូ ជាប្រភេទមឹកបកធំ ត្រូវបានដកហូតចំនួន ៦៨គីឡូក្រាម និងទំនិញផ្សេងទៀត ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ចំនួន ៩គីឡូក្រាម ផងដែរ ។ ទំនិញទាំងអស់ ត្រូវបានដកហូតមករក្សារទុក ដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព