Social Network

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ ករណី​លួច​ម៉ូតូ​នៅ​ក្នុង​កោះ​ពេជ្រ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងកោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យទាំង២ មានឈ្មោះ ៖

១. ឈ្មោះ ភាន់ ភោគ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

២. ឈ្មោះ បាន ពេជ្រ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិដើមមៀន សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

ក្រោមវិធានការជំនាញជនសង្ស័យទាំងពីរនាក់ បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូល ថ្ងៃទី២៧ មករា ពួកគេពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាក icon នៅក្នុងកោះពេជ្រ ពិតប្រាកដមែន បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូបានសម្រេច ដោយម៉ូតូដែល បានលួចនោះបញ្ឆេះមិនឆេះ ពួកខ្លួនបាននាំគ្នាជិះម៉ូតូ១គ្រឿងទៀត ម៉ាកDream C125 ដើម្បីជួយរុញ និងធាក់ពីក្រោយ រហូតមកដល់គល់ស្ពានហង្សកោះពេជ្រ ក៏ត្រូវបានសន្តិសុខកោះពេជ្រឃាត់សួរនាំ ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន ដែលល្បាតនៅជិតទីតាំងនោះ បានធ្វើការឃាត់ខ្លួន ពួកខ្លួនយកមកមូលដ្ឋានខណ្ឌតែម្តង ។

ជនសង្ស័យបានសារភាពបន្តថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចជាសម្ភារផ្សេងៗ ច្រើនលើកមកហើយ ដូចជាទូរសព្ទដៃ កាបូប និងសម្ភារផ្សេងៗទៀត ក្នុងខណៈពេលដែលម្ចាស់ម៉ូតូកង់បី ឬម្ចាស់រថយន្ដចតតាមទីសាធារណៈ ហើយគេងលក់ និងពេលមានមនុស្សកំពុងអង្គុយភ្លេចខ្លួន នៅតាមសួនច្បារសាធារណៈ ជាដើម ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព