Social Network

សមត្ថកិច្ច បង្ក្រាបមុខសញ្ញាឆក់សកម្ម ២​ករណី នៅក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួនជាង ១០នាក់ សុទ្ធតែ​ជាក្មេងស្ទាវ អាយុក្រោម ២០ ឆ្នាំ​

កម្លាំងសមត្តកិច្ចនគរបាលជំនាញខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានចុះបង្ក្រាបករណីមុខសញ្ញាឆក់ ២ក្រុម នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់ សុទ្ធតែជាក្មេងស្ទាវ អាយុក្រោម ២០ឆ្នាំ។

ការចុះបង្ក្រាបមុខសញ្ញាឆក់ទាំង ២ក្រុមនោះ ត្រូវបានសមត្ថកិច្ច ឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានពីជនរងគ្រោះថា មានករណីចោរ បានឆក់ទូរស័ព្ទដៃ ១គ្រឿងរបស់គាត់ ម៉ាកអាយហ្វូន ១២ប្រូមែក ពណ៌ខៀវ ស្រោមថ្លា ពណ៌ផ្កាឈូក នៅចំណុចខាងលិចហាងប្ដូរប្រាក់ ហេងម៉េត តាមបណ្តោយផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីបានទទួលព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានចុះទៅដល់កន្លែ ងកើតហេតុ និងបានឆែកកាំមេរ៉ាសុវត្ថិភាព នៅលើដងផ្លូវ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីមុខមាត់មុខសញ្ញាឆក់ទាំងអស់នោះ។

លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក កម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥ នាក់ ដែលពួកគេ កំពុងស្នាក់នៅក្នុងផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ៣ ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត និងដកហូតម៉ូតូ ១គ្រឿង ម៉ាក MOOVE ពណ៌ក្រហម។ ជនសង្ស័យទាំង៥ នាក់នោះ រួមមាន៖

១.ឈ្មោះ នូ ងួន ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន។

២.ឈ្មោះ ហ៊ល ម៉េងឃៀង ហៅ ឃៀង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដ (ជនដៃដល់ជាអ្នកឌុប)។

៣.ឈ្មោះ ឡែន ដាឡៃ ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ។

៤.ឈ្មោះសុវណ្ណ ស៊ីសុវត្ថិ ហៅ វ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាស៊ីណូ។

៥.ឈ្មោះ ផាត់ ហៀប ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន។

នៅពេលឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ យកទៅសាកសួរ សមត្ថកិច្ចបានចម្លើយ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បាន ៤ នាក់ និងដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ ជាមធ្យោបាយធ្វើសកម្មភាព។

ជនសង្ស័យទាំង ៤នាក់ រួមមាន៖

១.ឈ្មោះ ឈួន កុម្ភៈ ហៅដា ភេទប្រុស អាយុ១៧ ឆ្នាំ ឃាត់ខ្លួននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជាអ្នកផ្ដល់មធ្យោបាយ សម្រាប់ធ្វើសកម្មភាពឆក់)។

២.ឈ្មោះ សុខា ថៃឡាង ហៅហ៊ួរ ភេទប្រុស អាយុ ១៧ឆ្នាំ ឃាត់ខ្លួននៅផ្ទះសំណាក់មហាហេង បន្ទប់លេខ៤ ស្ថិតក្នុងភូមិក្បាល ស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

៣.ឈ្មោះ មាស លីហេង ហៅ ហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនឃាត់ខ្លួននៅផ្ទះ ក្នុងមណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

៤.ឈ្មោះ ពេជ្រផា ដូណេ ហៅម៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ឃាត់ខ្លួននៅអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ និងក្រុងប៉ោយប៉ែត (ជនដៃដល់ជាអ្នកឆក់)។

សមត្ថកិច្ចឲ្យដឹងទៀតថា ជាមួយនឹងការឃាត់ខ្លួនមុខសញ្ញាឆក់ទាំង ៩នាក់នេះ ជនរងគ្រោះ មានឈ្មោះ ស្នា លីសា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅក្រុងប៉ោយប៉ែតនោះដែរ ក៏បានទៅដាក់ពាក្យបណ្ដឹង ប្តឹងជនសង្ស័យខាងលើ ដោយឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ និងស្នើសុំទូរស័ព្ទរបស់ខ្លួន យកទៅប្រើប្រាស់វិញ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង ៩នាក់ ក៏បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន និងជាបក្ខពួកមុខសញ្ញាឆក់យ៉ាងសកម្ម នៅភូមិសាស្រ្តក្រុងប៉ោយប៉ែតនេះទៀតផង។ ក្រោយពីបានស្តាប់ចម្លើយសារភាព និងទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្នុងករណីបង្ក្រាបជាក់ស្តែងនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងនោះ និងវត្ថុតាង ទៅកាន់សាលាដំបូង ខេត្ត។

ចំណែកមួយករណីទៀត នៅវេលារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២ ០២២ នោះដែរ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានស្រាវជ្រាវ បង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែតនេះដែរ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ និងដកហូតម៉ួតូ ១គ្រឿង។

ជនសង្ស័យ ៥នាក់នោះ រួមមាន៖

១.ឈ្មោះ ង៉ែត សុគ្រី ភេទប្រុស អាយុ១៦ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត មុខរបរសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យអូរជ្រៅ (ជាមុខសញ្ញាឆក់)។

២.ឈ្មោះ សេក សាវឌី ហៅ ឌីតូច ភេទប្រុស អាយុ ១៦ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត (ជាមុខសញ្ញាឆក់)។

៣.ឈ្មោះ ខែម រ៉ាឌី ហៅ ឡោះ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត មុខរបរគ្មាន (ជាមុខសញ្ញាឆក់ និងជាអ្នកផ្តល់មធ្យោបាយ)។

៤.ឈ្មោះ ស៊ ម៉េងហួរ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត (ជាមុខសញ្ញាឆក់)។

៥.ឈ្មោះ ហេង សៀវហ្វុង ហៅ ប៉ក់ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ និងក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង ៥នាក់នេះ ក៏ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព