Social Network

ចោរលួច​កាត់​ខ្សែភ្លើង​អស់​១០​ខ្សែ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដាច់​ចរន្តអគ្គិសនី

ខ្សែភ្លើងប្រហែល១០ខ្សែ ត្រូវចោរលួចកាត់ត្រឹមៗគល់ជាប់កុងទ័រ និងដល់ជញ្ជាំងផ្ទះ បណ្ដាលប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់នោះដាច់ចរន្តអគ្គិសនី កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅចំណុចខាង «បុរី ឡេងសេងណា» ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង តែអ្នកភូមិមិនបានប្ដឹងសមត្ថកិច្ចទេ ព្រោះធ្លាប់ទូរស័ព្ទប្ដឹងច្រើនលើកហើយ តែគ្មានបានការ។

បើតាមអ្នកភូមិម្នាក់ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រឿងចោរលួចកាត់ខ្សែភ្លើងនៅម្ដុំផ្ទះរបស់លោក គឺជារឿងដែលកើតឡើងដដែលច្រើនលើកហើយ។ គាត់ប្រាប់ថា នៅវេលាទៀបភ្លឺ ថ្ងៃទី០២ ខែតុលានេះ ចោរបានលួចកាត់ខ្សែភ្លើងនៅខាងមុខផ្ទះគាត់អស់ប្រហែល១០ខ្សែ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋនៅក្នុងបុរី «ឡេងសេងណា» ជាច្រើនល្វែងដាច់ចរន្តអគ្គិសនី។ប្រភពដដែលបានបញ្ជាក់ថា ចោរបានកាត់ខ្សែភ្លើងត្រឹមៗគល់ជាប់កុងទ័របង្គោលភ្លើង និង ស្រាវកាត់ផ្ដាច់ដល់ជញ្ជាំងផ្ទះពលរដ្ឋតែម្ដង ដោយគ្មានខ្លាចញញើតម្ចាស់ផ្ទះដឹងឡើយ តែពលរដ្ឋដែលរងគ្រោះមិនបានរាយការណ៍ ឬ ប្ដឹងទៅសមត្ថកិច្ចទេ ខ្លាចរំខានការងារសមត្ថកិច្ច ព្រោះធ្លាប់ត្រូវសមត្ថកិច្ចស្ដីបន្ទោសត្រឡប់វិញថា «ជារឿងកំប៉ិកកំប៉ុកសោះប្ដឹងដែរ»។បើតាមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបាននិយាយថា ចោរដែលលួចកាត់ខ្សែភ្លើងនៅតំបន់នោះជាបន្តបន្តាប់នាពេលកន្លងមក ភាគច្រើនពួកវាធ្វើសកម្មភាពចាប់ពីវេលារំលងអធ្រាត្ររហូតដល់វេលាទៀបភ្លឺ។

ជាពេលវេលាដែលកម្លាំងសមត្ថកិច្ចកំពុងទទួលទានដំណេកស្កប់ស្កល់ (សមត្ថកិច្ចដេកចោរដើរ)។ សូមរំលឹកថា កន្លងមក ជនរងគ្រោះដោយសារលោកចោរលួចខ្សែភ្លើងនេះ ធ្លាប់បានទូរស័ព្ទហៅសមត្ថកិច្ចដែលបានផ្ដល់លេខទូរស័ព្ទឲ្យពលរដ្ឋទាក់ទង ដើម្បីសុំឲ្យជួយអន្តរាគមន៍ភ្លាមៗ ឬសុំឲ្យចុះត្រួតពិនិត្យក្រោយពេលកើតហេតុ តែគ្មានសមត្ថកិច្ចណាម្នាក់អើពើទេ។ នេះបើតាមអ្នកភូមិដែលធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាពកន្លងមក។ពួកគេនិយាយថា រហូតពេលខ្លះលោកប៉ូលិសដែលផ្ដល់លេខទូរស័ព្ទឲ្យទាក់ទងនោះ ឆ្លើយតបទាំងស្រវឹងបែបគំរា.មកំហែង សំដីឆ្លើយមកអ្នកប្ដឹងវិញផងថា «រាយការណ៍មិនដឹងម៉ោងដេកពូន ជារឿងកំប៉ិកកំប៉ុកសោះ ក៏ប្ដឹងដែរ»។

ដោយសារតែជនរងគ្រោះ ធ្លាប់បាក់ស្បាតនឹងសំដីពីសមត្ថកិច្ចបែបនេះហើយ ទើបពលរដ្ឋដែលរងគ្រោះរាងចាលឈប់ប្ដឹងរំខានសមត្ថកិច្ចរហូតដល់សព្វថ្ងៃនេះ ហើយបែរជារាយការណ៍ប្ដឹងទៅអ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយវិញ។ដោយឡែក បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្តគរ នេះដែរ បានបង្ហើបប្រាប់ដំណាលគ្នានេះដែរថា កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា កន្លងទៅថ្មីៗនេះ ចោរបានគាស់ជញ្ជាំងផ្ទះ «វីង» វេរលុយមួយកន្លែង នៅជិតរង្វង់មូលនាងរំសាយសក់ (ខាងកើត) យកប្រាក់អស់មួយចំនួន លុះព្រឹកឡើងទើបម្ចាស់ផ្ទះដឹង ដោយសារឃើញស្នាមកាត់ជញ្ជាំង ហើយបាត់ប្រាក់។

ប៉ុន្តែម្ចាស់ផ្ទះមិនបានប្ដឹងទៅសមត្ថកិច្ចទេ ព្រោះគិតថា បាត់បង់ប្រាក់តិចទូច ដូច្នេះហើយទើបម្ចាស់ផ្ទះមិនប្ដឹងនាំរំខានសមត្ថកិច្ច។ ម្យ៉ាងខ្លាចលោកសមត្ថកិច្ចស្ដីបន្ទោស ដូចរឿងចោរលួចខ្សែភ្លើង។ សព្វថ្ងៃ ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយអំពើចោរកម្ម ហាក់អស់ជំនឿ អស់ទំនុកចិត្តលើសមត្ថកិច្ច ព្រោះពេលខ្លះប្ដឹងសមត្ថកិច្ចសុំឲ្យមកជួយ តែបែរជាត្រូវសមត្ថកិច្ចស្ដីបន្ទោសត្រឡប់វិញ ឡើងបោរមុខទៀតផង៕

ដកស្រង់ពី៖ កោះសន្តិភាព