Social Network

អាជីវករផ្សារបុសខ្នុរ ចំនួន៥នាក់តវ៉ា សូមឲ្យ ម្ចាស់ផ្សារ និងគណៈកម្មាការផ្សារ រក្សាតូបគាត់ទាំង៥ នៅកន្លែងចាស់ដដែល

 កំពង់ចាម ៖ អាជីវករទាំង ៥នាក់ បានអះអាងថា តូបទាំង៥ របស់គាត់ មិនបានសង់ នៅលើដី ចំណីផ្លូវដូចការ ចោទប្រកាន់ របស់ម្ចាស់ បំណុលនោះទេ ហើយស្រាប់តែ ពេលថ្មីៗនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ មានការកោះប្រជុំ របស់គណៈកម្មាការ ផ្សារបុសខ្នុរ ដែលបង្កើតឡើង ដោយអភិបាល ស្រុកចំការលើ បានសម្រេច ឲ្យអាជីវករចំនួន៦នាក់ ដែលមានតូបស្ថិត នៅលើចំណីផ្លូវ រុះរើបង្ខិតចូលឲ្យ ផុតពីចំណីផ្លូវ ។

លោក យាយ ហ៊ង គឹមស្រ៊ាង អាយុ៥៤ឆ្នាំ រស់នៅភូមិ ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ជាកូនបំណុល និងជាតំណាងម្ចាស់ តូបទាំង៥ បានបញ្ជាក់ថា មានតែតូបឈ្មោះ ស្រីអូន ទេ ដែលបានសាងសង់ លើចំណុចសូន្យ ជាដីចំណីផ្លូវ ជាតិលេខ៧១ ដូច្នេះតូបសង់នៅ លើដីចំណីផ្លូវ មានតែមួយទេ ម្តេចគណៈកម្មាការ ក៏សម្រេចឲ្យ តូបពួកគាត់ទាំង៥នាក់ ក្លាយជាតូប ស្ថិតនៅលើដី ចំណីផ្លូវទៅវិញ ។

លោក យាយ បានបន្តឲ្យ ដឹងទៀតថា ម្ចាស់បំណុលឈ្មោះ ឡាយ ប៉ោហេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ គេបានអះអាងថា ក្រោយពីប្រជុំពិភាក្សា រួចមកអាជីវករ ចំនួន ៥នាក់ យល់ព្រមរំកិល តាមការសម្រេច របស់គណៈកម្មាការ តែចំពោះខ្ញុំ ជាកូនបំណុល មិនព្រមរំកិល តាមទេ ហើយថែមទាំង សង់តូបថ្មីលើដី ដដែលនេះថែមទៀត ដោយមិនព្រម រង់ចាំការដោះស្រាយ របស់គណៈកម្មាការឡើយ ។

គាត់សូមបដិសេធ ចោលទាំងស្រុង នូវការអះអាង របស់ម្ចាស់បំណុល ពោលគឺ អាជីវករទាំង ៥នាក់ មិនយល់ព្រម ឲ្យរំកិលតូបទាំង ៥នោះទេ ។ លោក យាយ បានបញ្ជាក់ទៀតថា គាត់ហ៊ាន អះអាងថា តូបពួកគាត់ មិនស្ថិតនៅលើដី ចំណីផ្លូវនោះទេ ដោយគាត់បានស្នើ សុំធ្វើតូបផ្សារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ហើយក៏មានការឯកភាព ពីគណៈកម្មាការផ្សារដែរ ។

តែនៅពេល ដែលគាត់បាន ទិញសម្ភារៈ សំណង់មកសាងសង់ បែរជា គណៈកម្មាការ មិនឲ្យគាត់សាងសង់ ទៅវិញ ថែមទាំងមានឈ្មោះ ឡាយ ប៉ោហេង ហៅ វិត តំណាងអ្នកវិនិយោគផ្សារ បុសខ្នុរ និងធ្វើអាជីវកម្ម ភាស៊ីផ្សារនេះ ប្តឹងទៅតុលាការ ខេត្តកំពង់ចាម ចេញដីការសម្រេច រក្សាការពារ លេខ៥៨ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ដោយចៅក្រម សែត វិសិដ្ឋមុនី ហាមកូនបំណុល ផ្អាកការសាងសង់ តូបលក់ដូរស្ថិត នៅលើចំណីផ្លូវ ក្នុងផ្សារបុសខ្នុរ ចាប់ពីពេលនេះ តទៅជា បណ្តោះអាសន្ន រង់ចាំតុលាការ សម្រេចដល់រឿងអង្គសេចក្តី ចប់ជាស្ថាពរ ។

ក្រុមអាជីវករ ទាំង ៥នាក់ សំណូមពរសូមឲ្យ  ម្ចាស់វិនិយោគផ្សារ គណៈកម្មាការផ្សារ និងសាលា ដំបូងខេត្តកំពង់ចាម មេត្តាអង្កេត ទៅលើអង្គ ហេតុរឿងនេះ ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់នូវ ភាពយុត្តិធម៌ ដល់ពួកគាត់ និងសូមមិនឲ្យរុញ រំកិលតូបទាំង៥ ដោយរក្សានៅកន្លែង ចាស់ដដែល ៕