Social Network

ធ្វើ​ខុស​គេច​មិន​ផុត​! បុរស​២​នាក់​លប​ឆ្មក់​ជនបរទេស​តែ​មិន​សម្រេច លុះ​នាំ​គ្នា​រត់​ក៏​ជួប​គ្រោះថ្នាក់​រត់​មិន​រួច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យទៅសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនបរទេសដែលកំពុងដើរថ្មើរជើង តែមិនបានសម្រេច ហើយក៏ជិះរត់គេចខ្លួនទៅបុករ៉ឺម៉កដឹកផ្លែឈើលក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចខាងមុខក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ តាមបណ្តោយផ្លូវ២១៥កែងផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

 សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ មាស រះទិត្យ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិបរទេសប្រុសស្រីចំនួន២នាក់បានធ្វើដំណើរដោយថ្មើរជើងតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ និងបក្សពួកបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1Q-3022 តាមពីក្រោយជនរងគ្រោះ រួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះដែលស្ពាយចំហៀងខ្លួន បណ្តាលឲ្យដាច់ខ្សែកាបូប ប៉ុន្តែឆក់មិនបានសម្រេចនោះទេ។

ប្រភពដដែលបន្តថា បន្ទាប់មក ជនសង្ស័យក៏បានព្យាយាមជិះម៉ូតូដើម្បីរត់គេចខ្លួន តែជាអកុសលក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូរ៉ឺម៉កលក់ផ្លែឈើ បណ្តាលឲ្យដួលម៉ូតូតែម្តង។ ខណៈពេលនោះ ក៏មានប្រជាពលរដ្ឋបានជួយចេញមកធ្វើការស្ទាក់ចាប់ជនសង្ស័យម្នាក់ និងម្នាក់ទៀតបានងើប រួចរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

បន្ទាប់មកប្រជាពលរដ្ឋក៏បាននាំគ្នាស្វាគមន៍ជនសង្ស័យដែលចាប់បាននោះម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តង រួចក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

 ក្រោយពេលកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕ 

ដកស្រង់ពី៖កោះសន្តិភាព