Social Network

ហ្វាយ​ខេត្តតាកែវ ណែនាំ​​មេ​ប៉ូលិស​ខេត្ត និង​មេ​ប៉េ​អ៊ឹម​ខេត្ត ត្រូវរួម​គ្នា​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឲ្យ​ខាន​តែ​បាន!

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ណែនាំដល់លោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ចំពោះក្រុមក្មេងទំនើង និងចោរលួច ចោរឆក់ គ្រឿងញៀន ដើម្បីពង្រឹងការអនុត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាមួយលោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក អភិបាលក្រុងស្រុក និងអធិការនគរបាលក្រុងស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។

ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្តតាកែវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួរនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានធ្វើការជម្រុញបន្ថែមទៀត ដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរក្រុង/ស្រុកទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបាន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានជម្រុញឲ្យស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នាពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខសណ្តាប់ធ្នាប់ ដែលជាផ្នែកមួយដ៏មានសារសំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសគឺត្រូវបង្ក្រាបឲ្យខានតែបាន ចំពោះក្រុមក្មេងទំនើង ចោរលួច ចោរឆក់ គ្រឿងញៀន ដែលកំពុងកើតមានឡើងនៅតាមមូលដ្ឋាន ដូច្នេះដើម្បីទប់ស្កាត់លើបញ្ហាប្រឈមនេះបាន! សូមលោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រុក និងក្រុង ត្រូវធ្វើការសហការណ៍គ្នាអោយបានល្អ លើកផែនការយុទ្ធសាស្ត្រថ្មី តាមដាន និងកំណត់មុខសញ្ញាជនសង្ស័យ និងមុខសញ្ញាអ្នកចំណូលថ្មី នៅតាមមូលដ្ឋាន ដែលទើបតែមកស្នាក់នៅ ក្នុងទឹកដី នៃខេត្តតាកែវរបស់យើង ជាពិសេសត្រូវបង្កើនការត្រួតពិនិត្យ គោលដៅតាមដងផ្លូវនានា លើការឆែកឆេរកអាវុធជាតិផ្ទុះ កាំបិត ដាវ ត្រូវមានការដឹកនាំផ្ទាល់ដោយអាជ្ញាធរស្រុក និងក្រុង ធ្វើការសហការណ៍គ្នាអនុវត្តន៍លើការងារនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព