Social Network

ជម្លោះជេរបញ្ចោរគ្នា៖ ស្រ្តីម្នាក់ វាយក្បាលបុរសម្នាក់ ស្លាប់នៅស្រុកស្វាយលើ

សៀមរាបៈ ស្រ្តីជាជនដៃដល់ម្នាក់ បានត្រូវនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនមកតុលាការ ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១២ ខែកុម្ភៈនេះ ដោយសារស្ត្រីនោះ បានយកបន្ទះឈើ វាយក្បាលបុរសម្នាក់ ពីលើផ្នែកខាងក្រោយ បណ្ដាលឱ្យបែករយះ ហូរឈាមរហូតដល់ស្លាប់ ក្រោយពីបុរសនោះ បង្កជម្លោះជេរបញ្ចោរ គ្នាជាមួយស្រ្តីម្នាក់នោះ។

នគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថាៈ ពាក់ពន័្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្ដាលឱ្យមរណភាព) នេះ កើតឡើង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មកម៉្លេះ។

នគរបាលស្រុកស្វាយលើ បាននិយាយថាៈ ឈ្មោះ ធុច សារិ ភេទប្រុស អាយុ ៥៥ ឆ្នាំ ឈ្មោះ រុឹម ចិន ភេទស្រី អាយុ ៣៣ ឆ្នាំ (ជនសង្ស័យដែលបានត្រូវសមត្ថកិច្ចឃាត់ខ្លួន រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប) ឈ្មោះ វេត សៃ ហៅ វ៉ៃ (បុរសរងគ្រោះ) អាយុ ៣១ ឆ្នាំ បានទៅលេងបៀរ នៅផ្ទះរបស់ឈ្មោះ វឹម សាវិត ភេទស្រី និងប្ដីឈ្មោះ ញុក ណយ។ អ្នកទាំងនោះ បានលេងបៀរផង ផឹកស្រាថ្នាំផង ។

លុះដល់ម៉ោង ២០ និង ៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដដែល ស្រាប់តែជនរង គ្រោះ ឈ្មោះ វេត សៃ (ហៅ វ៉ៃ) បានជេរបញ្ចោរ ទៅលើជនសង្ស័យ ឈ្មោះ រុឹម ចិន ភ្លាមនោះ ក៏មានជម្លោះកើតឡើង បន្ទាប់មក គ្នីគ្នាទាំងអស់នោះ បានមកបំបែក តែជនរងគ្រោះ មិនព្រមឈប់ជេរ នៅតែរករឿង ទើបជនសង្ស័យ ឈ្មោះ រុឹម ចិន បានស្ទុះទៅយកបន្ទះឈើ ដែលមានប្រវែង ១ ម៉ែត្រ ទៅវាយក្បាលរបស់ជនរងគ្រោះ ពីលើផ្នែកខាងក្រោយ បណ្ដាយឱ្យបែករយះ ។ ក្រោយពីត្រូវរបួសហើយ ជនរងគ្រោះ បានទៅដេកនៅមុខផ្ទះជនសង្ស័យ ។ ចំណែកជនសង្ស័យ ក៏បានឡើងដេកលើផ្ទះ ជាមួយប្ដីបាត់ទៅ ។

លុះព្រឹកឡើងវេលាម៉ោង ៩ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យ ក៏បានយកទឹក ទៅលាងរបួសឱ្យជនរងគ្រោះ ដេកនៅនឹងមុខផ្ទះ ដោយមិនបានទៅណាទេ ហើយក៏ជនសង្ស័យ មិនបានចាប់អារម្មណ៍ លុះដល់ម៉ោង ៣ រសៀល ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ ។

នៅថ្ងៃទី១២ ខែកុម្ភៈ ស្រ្តីជាជនដៃដល់ ក៏ត្រូវឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនមកតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា