Social Network

ម្ចាស់​ជាប់មាត់​ហូប​បាយ​ក្នុង​តូប លោក​ចោរ​លួច​​ម៉ូតូ​ដោយ​សុវត្ថិភាព​នៅ​ផ្សារ​បន្លែ«​ភូ​ពុ​យ​»

ខេត្តបាត់ដំបង ៖ ម៉ូតូម៉ាកZOOMER.X មួយគ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយក រួចជិះគេចខ្លួនដោយសុវត្ថិភាព នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី ១៣ កុម្ភៈ ខណៈពេលដែលម្ចាស់កំពុងហូបបាយនៅក្នុងតូបលក់ដូរ នៅក្នុង«ផ្សារបន្លែភូពុយ» ស្ថិតក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង។

សមត្ថកិច្ចបានរាយការណ៏ថា ម៉ូតូម៉ាក ZOOMER.X ដែលត្រូវលោកចោរលួចនោះ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1FS.3531 របស់ជនរងគ្រោះឈ្មោះ កឿយ ទឹត ប្រុសអាយុ២៥ឆ្នាំ មានមុខរបរលក់ដូរ នៅ «ផ្សារបន្លែភូពុយ»។

បើតាមសមត្ថកិច្ច ជនរងគ្រោះមិនបានដកសោចេញពីម៉ូតូទេ ពេលឈប់ម៉ូតូខាងមុខតូបលក់ដូរ។ ពេលនោះ ជនរងគ្រោះបានចូលហូបបាយនៅក្នុងតូប ទើបត្រូវចោរលួចយកម៉ូតូជិះគេចខ្លួនបាត់ភ្លាមៗ ហើយម្ចាស់បានភ្ញាក់ផ្អើល ក្រោយពេលហូបបាយរួច ក្រឡេកទៅបាត់ម៉ូតូពីខាងមុខតូប។ នេះជាការធ្វេសប្រហែសរបស់ម្ចាស់ម៉ូតូ។

ព្រោះនៅម្ដុំ«ផ្សារបន្លែភូពុយ» មិនមែនទើបបាត់ម៉ូតូជាលើកដំបូងទេ គឺបានកើតឡើងស្ទើររាប់ភ្លេចទៅហើយ តែអ្នកមានម៉ូតូជិះ ហាក់ពុំមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។ អំពើរចោរកម្ម «ប្លន់ លួច ឆក់ ឬ គាស់ទម្លុះទម្លាយលំនៅឋាន រួមទាំងបទល្មើសគ្រឿងញៀនផង» ត្រូវគេសង្កេតឃើញថា បាននិងកំពុងកើតមានឡើងស្ទើរទាំងថ្ងៃទាំងយប់ និង ស្ទើរគ្រប់ទីកន្លែងមិនថា នៅតាមបណ្ដាស្រុក និងក្រុងឡើយ នៅក្នុងទឹកដី ខេត្តបាត់ដំបង នាបច្ចុប្បន្ននេះ។

អំពើចោរកម្មទាំងនេះស្ទើរពាក់កណ្ដាលនៃបទល្មើសដែលបានកើតឡើង ត្រូវមន្ត្រីមូលដ្ឋានព្យាយាមលាក់បាំង មិនរាយការណ៏ជូនថ្នាក់លើ ឬ រាយការណ៏ទៅកាន់ការិយាល័យជំនាញឲ្យបានជ្រាប ទេ។

 នេះបើតាមប្រភពពីមន្ត្រីជំនាញ ដែលបានទម្លាយឲ្យដឹង។ មូលហេតុ ដែលថ្នាក់ក្រោមព្យាយាមបិទបាំងបទល្មើសមិនរាយការណ៏ជូនថ្នាក់លើ ពីព្រោះពួកគេខ្លាចថ្នាក់លើស្ដីបន្ទោសថា «បទល្មើសបានកើតឡើងច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយគ្មានលទ្ធភាពទប់ស្គាត់ ឬ បង្ក្រាបបាន»។ បើក្រឡេកទៅមើលពីសកម្មភាពល្បែងស៊ីសងខុសច្បាប់វិញ ក្រោយពីដូលសន្លប់មួយដង្ហើមចង្រិត ក្រោមកណ្ដាប់ដៃដែករបស់រាជរដ្ឋាភិបាលនាប៉ុន្មានខែកន្លងទៅនេះ ពេលនេះគេសង្គេតឃើញទីតាំងល្បែងស្ទើរគ្រប់ប្រភេទ បាននិងកំពុងប្រណាំងប្រជែងគ្នា ស្ទុះងើបឡើងវិញព្រោងព្រាតស្ទើរគ្រប់កន្លែង។ ជាពិសេស ល្បែង«ឆ្នោត ឬ កន្ទុយលេខ» នេះតែម្ដង ដែលស្ទុះងើបឈររឿនជាងគេ ក្នុងចំណោមល្បែងនានា។

រីឯសមត្ថកិច្ចមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះ ហាក់កំពុងត្រេកត្រអាលនឹងការរស់ឡើងវិញ នៃបនល្បែងនេះសម្បើមដៃណាស់ រហូតភ្លេចភារកិច្ចរបស់ខ្លួនក្នុងការទប់ស្កាត់ ឬ បង្ក្រាបបទល្មើសផ្សេងៗ។

ល្បែងស៊ីសង ដែលកំពុងងើបឈរបង្ហាញមុខលេចធ្លោរជាងគេនៅពេលនេះ គឺ ល្បែង«ឆ្នោត ឬ កន្ទុយលេខ» ក្រោមឈ្មោះ«ក្រុមហ៊ុន» ដែលគេអះអាងថា មានច្បាប់ មានអាជ្ញារប័ណ្ណត្រិមត្រូវពីរាជរដ្ឋាភិបាល។ ប៉ុន្តែផ្ទុយទៅវិញ បើពិនិត្យលើសកម្មភាពជាក់ស្ដែង ដែលក្រុមហ៊ុនល្បែងនីមួយៗបានប្រព្រឹត្ត សុទ្ធតែបំពានខុសនឹងច្បាប់ ឬ ខុសពីខ្លឹមសារនៅអាជ្ញារប័ណ្ឌ ដែលខ្លួនអ៊ួតថា ស្របច្បាប់ ស្ទើរទាំងស្រុង។

 ពោល៖ សកម្មភព នៃការប្រព្រឹត្តជាក់ស្ដែងគឺ «ក្បត់នឹងខ្លឹមសារដែលមានចែងនៅក្នុងអាជ្ញារប័ណ្ណ»។ មិនខុសពីពាក្យគេនិយាយថា «ព្យូរស្បែកគោ តែលក់សាច់ក្របី» ឡើយ។

ចំពោះសមត្ថកិច្ច ជាពិសេសថ្នាក់ដឹកនាំមួយចំនួន ដែលធ្លាប់ទទូលបានផលប្រយោជពីល្បែងទាំងនេះ បានចេញមុខអះអាង និង ការពារក្រុមហ៊ុនល្បែងទាំងនេះស្ទើរដាច់ក្បាលចោល ព្រោះចាត់ទុកថា ជា«ក្រុមហ៊ុនមានច្បាប់ មានអាជ្ញារប័ណ្ណ»។

មិនតែប៉ុណ្ណោះ ពេលខ្លះថែមទាំងបញ្ជាឲ្យកម្លាំងក្រោមឪវ៉ាទចុះបង្ក្រាប ឬ ចាប់ខ្លួនរាល់អ្នកសារព័ត៏មានទាំងឡាយណា ដែលចុះផ្សាយអាក្រក់ពីក្រុមហ៊ុនល្បែងឆ្នោតទាំងនោះទៀតផង។ ប៉ុន្តែថ្នាក់ដឹកនាំទាំងនេះមិនខ្លាំងទេ បើនិយាយពីការទប់ស្កាត់ ឬ បង្ក្រាប់បទល្មើស «ចោរប្លន់ ចោរលួច ចោរឆក់ ឬ បទល្មើសគ្រឿងញៀន»។

 ជាក់ស្ដែងករណី « ក្រុមក្មេងទំនើងបាញ់សម្លាប់គ្នាយ៉ាងឃោឃៅនៅចំកណ្ដាលក្រុងបាត់ដំបង អំពើរឃាតកម្មកើតឡើងនៅស្រុកកំរៀង និង អំពើឃាតកម្មកើតឡើងនៅស្រុកភ្នំព្រឹក» ដែលសុទ្ធតែជាបទល្មើស«ឧក្រិដ្ឋ» រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែគ្មានតម្រុយពីមុខសញ្ញាជនប្រព្រឹត្តនៅឡើយ។ បើទីតាំងល្បែងស៊ីសងវិញ ទោះជាសម្ងំបើកលែងក្នុងមុង ក៏គេដឹងខ្លិនដែរ៕

ដកស្រង់ពី៖កោះសន្តិភាព