Social Network

កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើស នេសាទនៅ ស្រុកកំពង់លែង

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងចម្រុះបាន ប្រតិបត្តិការ ចុះបង្ក្រាប របាំងសាច់អួន នៅចំណុច ចុងព្រែកផ្លូវទូក ចំណុចព្រែកលួង ចំណុចសោកម៉ោក ក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយ កម្លាំងចូលរួម ២៥នាក់ មធ្យោបាយ កាណូត បាឡាចំនួន ០៨គ្រឿង ។

ការបង្ក្រាប អនុវត្តតាម បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋា ភិបាលកម្ពុជា រួមនិងអនុសាសន៍៧ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ម៉ប់ សាមុន នាយរងខណ្ឌរដ្ឋបាល ជលផលខេត្ត និងចូលរួមដោយ លោក ផៅ ស្រៀង អភិបាលរង ស្រុកកំពង់លែង កម្លាំងរដ្ឋបាល ជលផលផ្នែក សង្កាត់ ដឹកនាំដោយលោក ពុំ សុផល នាយសង្កាត់ រដ្ឋបាលជលផល កំពង់លែង កម្លាំងនគរបាល សហគមន៍ នេសាទ អាជ្ញាធរ មូលដ្ឋាន ។

ជាលទ្ធផល កម្លាំងចម្រុះ រដ្ឋបាលជលផល ក្នុងយុទ្ធនាការ បង្ក្រាបខាងលើនេះ បង្រាបបាន របាំងសាច់អួនចំនួន ២៥ កន្លែងស្មើ ២១០០ម៉ែត្រ លបលូ ៣១មាត់ បង្គោល១០៥០ ដើមចាក់លែងកូនត្រី ចម្រុះចំនួន ១៩០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។

នាយរងខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង លោក ម៉ប់ សាមុននាឱកាសនោះ បានថ្លែងអោយដឹងថា ក្រោមការចង្អុល បង្ហាញពី លោក យុទ្ធ ភូថង រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក អេង ជាសាន្ត អគ្គនាយក ដ្ឋានជលផល និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានខិតខំប្រឹងប្រែង ដោយកម្លាំងជំនាញ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានខិតខំអនុវត្តការពារ និងបង្ក្រាប បទល្មើសនេសាទ ដើម្បីការពារ មច្ឆាជាតិ របស់យើងទាំងអស់គ្នា ។

លោកបានធ្វើការ ផ្សព្វផ្សាយ និងណែនាំច្បាប់ស្តីពី ជលផល និងផ្សព្វផ្សាយ ប្រកាសលេខ ១៩៧ អនក្រ.បក ស្តីពីការកំណត់ដែន ព្រៃលិចទឹកជុំវិញ បឹងទន្លេសាប ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១  ដល់ក្រុមអ្នកនេសាទ នៅទីនោះ សូមធ្វើការ នេសាទជៀសវាង ប្រើឧបករណ៍ ដែលត្រូវហាមឃាត់ ជាដាច់ខាតដោយ អនុវត្តតាមប្រកាស លេខ ៤៥៨ ក.ស.ក ស្តីពីការប្រើប្រាស់ ឧបករណ៍ នេសាទជាលក្ខណៈ គ្រួសារ និងជៀសវាង ធ្វើការនេសាទ ក្នុងដែនអភិរក្ស ដែលជាហេតុនាំ អោយជាប់ទោសទណ្ឌ ។

សូមអោយមាន ការគោរពច្បាប់ ជលផល ទាំងអស់គ្នានាំ អោយមានការ កើនឡើង វិញនូវមច្ឆាជាតិ ទុកសម្រាប់ កូនចៅជំនាន់ក្រោយ និងសូមរាយការណ៍ ជូនសមត្ថកិច្ច មូលដ្ឋាន ក៍ដូចជាសមត្ថកិច្ច ជំនាញក្នុងករណីជួប បទល្មើស អោយបានទាន់ពេល វេលាផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល