Social Network

ពលរដ្ឋរស់នៅលើ ខ្នងបារ៉ែត ក្រុងសិរីសោភ័ណ តវ៉ាសុំបង្កាន់ដៃដី ដើម្បីបានដាក់ខ្ចី លុយពីធនាគារ

បន្ទាយមានជ័យ ៖ ពលរដ្ឋជាង ២០គ្រួសារ រស់នៅលើខ្នងបារ៉ែត ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បានលើកគ្នាមកតវ៉ា ស្នើសុំអន្តរាគមន៍ ពីលោកអភិបាល ខេត្តដើម្បីសុំនូវ បង្កាន់ដៃដី អំណោយសម្បទាន ដែលផ្តល់ឲ្យ ដោយលោកឈឹម សារឿន ហៅចិនខ្មៅ ព្រោះពួកខ្លួន ត្រូវការវាយក ទៅដាក់ខ្ចីលុយ ពីធនាគារ មកប្រើប្រាស់ ។

ពលរដ្ឋ តវ៉ាម្នាក់ឈ្មោះ លាង សាវុធ ភេទប្រុស អាយុ ៥៤ឆ្នាំ បាននិយាយថា ពួកខ្លួនមកតវ៉ាជាង ១០គ្រួសារ ទៅ៣០គ្រួសារ ក្នុងចំណោម៧២គ្រួសារ ដែលរស់នៅ លើដីខ្នងបារ៉ែត ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លានេះ គឺពួកគាត់មិនជំទាស់ ទៅនឹងការរុះរើ និងការដោះដូរ អំណោយសម្បទាន របស់លោកឈឹម សារឿន ហៅចិនខ្មៅ និងភរិយានោះទេ ។

តែពួកខ្លួនគ្មានលុយ ត្រូវរុះរើលំនៅឋានចាស់ ទៅសង់លើដីល្វែងថ្មី ដែលជារបប អំណោយក្នុង ១គ្រួសារៗទំហំ ៤ម៉ែត្រ គុណនិង ១៦ម៉ែត្រនោះឡើយ ។ ហេតុនេះស្នើសុំ លោកអភិបាលខេត្ត ជួយអន្តរាគមន៍ដល់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្តនិងភូមិបាលក្រុង និងមន្ទីរ រៀបចំដែន ដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីចេញ បង្កាន់ដៃ នៃប្លង់បំបែកក្បាលដី ឲ្យបានឆាប់ផង ។ ព្រោះពួក ខ្លួនត្រូវការ យកវាទៅដាក់ ដើម្បីខ្ចីលុយ ពីធនាគារ មកដោះស្រាយបន្ថែម សាងសង់ផ្ទះ ថ្មីលើដីថ្មីនោះ ។

ពលរដ្ឋបន្តថា ពួកខ្លួនបានសុំសួរ លោកឈឹម សារឿនហៅចិនខ្មៅ ហើយលោកថា បង្កាន់ដៃប្លង់នោះ នៅលើអាជ្ញាធរ និងជំនាញ សុរិយោដី ។ ដល់ពួកខ្លួន សួរមេភូមិ ចៅសង្កាត់ ពួកគាត់ថា មេខាងលើមិនទាន់ឭប្រាប់ថា ម៉េចដែរ ។ ស្ត្រីម្នាក់ឈ្មោះសិន សារឿនបាន និយាយថា ដោយសារសួរម្ចាស់ដី សម្បទាននិងភូមិ ឃុំ មិនដឹងនោះ ហើយទើបពួកគាត់ នាំគ្នាមកសួរ ដល់ខេត្តយ៉ាងដូច្នេះ ។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និយាយថា បែបបទឯកសារ ដីសម្បទាន លោកឈឹម សារឿននោះ ត្រឹមសមត្ថកិច្ច លោកជាអភិបាលរង បានចារ និងគោរពជូនសុំការ សម្រេច ពីលោកអភិបាលខេត្ត និងបញ្ជូន ចុះឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តចាត់ការតាម ជំនាញហើយ ។

ឯមន្ត្រីសាលាខេត្ត ផ្សេងទៀតថា ចាំចាត់មន្ត្រីឲ្យឆែក មើលឯកសារនោះ ថាតើវាបានដើរឬរត់ដល់ណា ហើយនោះ ក៏មិនទាន់ដឹង នៅឡើយនោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល