Social Network

បញ្ជូន​ជនជាតិ​ថៃ​ ៦​នាក់ ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ ករណី​​បង្ក​​ហិ​.​ង្សា​​លើ​ខ្មែរ​ ៣​នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហិ.ង្សាដោយចេតនា ទៅលើពលរដ្ឋខ្មែរ២នាក់ និងអ្នកចូលជួយឃាត់ម្នាក់ទៀត កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជាជនជាតិថៃទាំង០៦នាក់ រួមមាន ៖ ១-ឈ្មោះ SURADAT OUNPENG ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ NAKARIN ARKAROS ភេទប្រុស អាយុ២២ឆ្នាំ ៣-ឈ្មោះ PARINTORN JIIESAk ភេទប្រុស អាយុ២០ឆ្នាំ ៤- ឈ្មោះ ISSARA SAIROONG ភេទប្រុស អាយុ២១ឆ្នាំ ៥- ឈ្មោះTHANAPAT MUSIPAT ភេទប្រុស អាយុ២១ឆ្នាំ ៦- ឈ្មោះ SITTICHAI WONGLAKORN ភេទប្រុស អាយុ២៣ឆ្នាំ ។

ប្រភពពីមន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀត ជាប្រជាពលរដ្ឋខ្មែរមួយក្រុម ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃ បានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ ។ យោងតាមបណ្ដឹងពីពលរដ្ឋខែ្មរ ចំនួន០៣នាក់ រួមមាន ៖

ទី១-ឈ្មោះ ប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ ខ្លួនជាមួយឈ្មោះ ហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករជាងដែក បានជិះម៉ូតូសណ្ដោងរទះដឹកដែក ចេញពីបុរីសានហូរ ទៅរង្វង់មូលប៉ោយប៉ែត រួចជិះបត់មកវិញ ទៅខាងឆ្វេងដៃ ខ្លួនបានលើកដៃរា សុំផ្លូវ ពេលនោះមានម៉ូតូផាស់អាប់មួយគ្រឿង ពណ៌ក្រហម ដឹកជនជាតិថៃ ឆ្លងតាមក្រោយចូលបានប្រហែល១០ម៉ែត្រ ពួកជនជាតិថៃ ចំនួន៣នាក់នោះ បានចុះពីលើម៉ូតូ ធ្វើសកម្មភាពកាច់កញ្ចក់ និងបានដាល់ក្បាលពោះ ខ្លួនទាំង០២នាក់ ហើយពួកខ្លួនបានលើកដៃសំពះ ទើបពួកគេឡើងម៉ូតូវិញ បន្ទាប់មក ខ្លួនបានជិះម៉ូតូតាមផ្លូវតែមួយស្រាប់តែដល់ចំណុចកើតហេតុខាងលើ ពួកវាបានរត់មកកាក់ម៉ូតូម្តងទៀត ហើយគប់ដុំថ្ម យកឈើជ្រុងមកវាយពួកខ្លួន ចំណែកអ្នកជិតខាងបានមកជួយឃាត់ ក៏ត្រូវពួកវា វាយទៀត ខ្លួនត្រូវបានពួកវា វាយនឹងឈើជ្រុងបែកមួកសុវត្ថិភាព ត្រូវខ្នង ដៃ ស្មា ។

ទី២-ឈ្មោះ ហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ខ្លួននិងឈ្មោះ ប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ បានដឹកដែក ដល់ចំណុចផ្លូវបត់ ខ្លួនបានលើកដៃជាសញ្ញាស្រាប់តែមានម៉ូតូកង់បីដឹកជនជាតិថៃមួយក្រុម បានមើលមុខ ហើយស្រែកទៀតផង តែខ្លួនមិនបានតមាត់អ្វីជាមួយឡើយ រួចម៉ូតូកង់បី ដឹកថៃនោះចេញទៅមុន ហើយខ្លួនក៏ជិះតាមពីក្រោយ ផ្លូវជាមួយគ្នា ពេលដល់ចំណុចផ្សារយួន ស្រាប់តែជនជាតិថៃ បានយកដុំថ្ម គប់មកពួកខ្លួន តែត្រូវឈ្មោះ ម៉ៅ យកដៃរង ហើយបានឈប់ម៉ូតូ ចុះរត់តែម្ដង គ្នាវាបានកាន់ដំបង ឈើជ្រុងមួយ បានវាយម៉ូតូ និងបានយកធុងទឹកបោក ។

ទី៣-ឈ្មោះ វ៉ាន គន្ធា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹងតំណាងអោយប្អូនប្រុសបង្កើតឈ្មោះ វ៉ាន កំសាន្ត អាយុ១៨ឆ្នាំ ដែលបានជួយឃាត់ ហើយត្រូវបានជនជាតិថៃម្នាក់ ក្នុងចំណោមជនជាតិថៃនោះ យកដុំឥដ្ឋ វ៉ៃក្បាលប្អូនប្រុសបណ្ដាលអោយបែកក្បាល ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីការទទួលបណ្តឹងពីជនរងគ្រោះ និងសួរនាំជនសង្ស័យជាជនជាតិថៃ ទាំង០៦នាក់ បានឆ្លើយសារភាពពួកខ្លួន ពិតជាបានស្ថិតនៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន។

បច្ចុប្បន្ន ជនជាតិថៃទាំង០៦នាក់ ឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី ។

សូមរម្លឹកថា រឿងលាដៃសុំឆ្លងផ្លូវ! ជនជាតិថៃជាង១០នាក់ វា.យពលរដ្ឋខ្មែរ២នាក់ ផ្អើលនៅចំណុចផ្សារយួន ៕

ដកស្រង់ពី៖កោះសន្តិភាព