Social Network

នគរបាលស្រុកសេសាន បញ្ជូនខ្លួនចោរលួចគោ វះសាច់ភ្លៅ ទៅតុលាការ

ស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញនគរបាលស្រុកសេសាន ត្រៀមបញ្ជូនខ្លួន ចោរលួចគោ វះយកសាច់ ទៅតុលាការ នៅព្រឹកថ្ងៃទី៥ មិថុនា ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការស្រុកសេសាន បានឱ្យដឹងថាៈ ប្រជាពលរដ្ឋ បានរាយការណ៍ប្តឹងទៅនគរបាល ស្រុកសេសាន ពីករណីបាត់គោ ហើយប្រទះឃើញ សត្វគោ ត្រូវគេសម្លាប់ វះយកតែសាច់ភ្លៅ។ ក្រោយទទួលបានដំណឹងនេះ កម្លាំងប៉ុស្ដិ៍នគរបាលនគរបាលកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកនាំ បញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានឃាត់ជនសង្ស័យ ឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន រស់នៅ ភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលដឹងសាច់គោ ច្រកការ៉ុងតាមម៉ូតូ សំដៅចេញទៅលក់នៅអូរពងមាន់ ។

លោកអធិការ បានបន្តថាៈ មុខសញ្ញានេះ កម្លាំងដកហូតវត្ថុតាង រួមមាន សាច់គោ៣ភ្លៅ ម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់១គ្រឿង គ្មានស្លាកលេខ គ្មានអាវ កាំបិតស្នៀត១ដើម កាំបិតហាន់បន្លែ១ដើម ពូថៅ១ដើម ខ្សែចងគោ ៣ខ្សែ ការ៉ុង៣ ថង់ប្លាស្ទិកធំ១ ទទឹងដាក់ទទា៨ ទូរស័ព្ទម៉ាក Nava មួយគ្រឿង។ ក្រោយពីសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវះយក សាច់គោរបស់គេ ពិតប្រាកដមែន។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកសេសាន ត្រៀមកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្ត ចាត់ការបន្តទៅតុលាការ តាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា