Social Network

បុរសបួននាក់ ត្រូវបានឃាត់ខ្លួនក្រោមបទសង្ស័យកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ

កែប៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកែប កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣បានឃាត់ខ្លួនបុរសបួននាក់បន្ទាប់ពីប្រទះឃើញកំពុងកាប់ព្រៃសហគមន៍នៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

របាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋានស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា បុរសសង្ស័យទាំងបួននាក់ រួមមាន៖ ១. ឈ្មោះ ឈឹម រ៉ី អាយុ ៤២ឆ្នាំ, ២. ឈ្មោះ ណា ខុំ អាយុ ២៤ឆ្នាំ, ៣. ឈ្មោះ បេ វ៉ាន់ អាយុ ៥៣ឆ្នាំ, ៤. ឈ្មោះ ខូវ ផូង អាយុ ៤៥ឆ្នាំ។

អ្នកទាំងបួនមានទីលំនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រភពដដែលបន្តថា ដោយបានទទួលព័ត៌មានស្ដីអំពីសកម្មភាពកាប់ព្រៃនៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ នាព្រឹកថ្ងៃទី៧ ខែមិថុនា កម្លាំងសមត្ថកិច្ចខេត្ត កែបសហការជាមួយមន្ត្រីនៃអាជ្ញាធរស្រុកដំណាក់ចង្អើរបានចុះដល់គោលដៅភ្លាមៗ។

នៅទីនោះ សមត្ថកិច្ចបានប្រទះឃើញបុរសបួននាក់កំពុងធ្វើសកម្មភាពជាក់ស្ដែងដូចសេចក្តីរាយការណ៍ប្រាកដមែន។ ក្នុងស្ថានភាពបែបនេះ កម្លាំងចម្រុះក៏បាននាំអ្នកទាំងនោះមកកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរដើម្បីសាកសួរ។

បុរសទាំងបួននាក់បានសារភាពថាពួកគាត់ត្រូវស្ត្រីឈ្មោះ សិដ្ឋ ច្រយ រស់នៅរាជធានីភ្នំពេញជួលឱ្យកាប់ព្រៃក្នុងតម្លៃ៣០០ដុល្លារសម្រាប់ផ្ទៃដីមួយហិកតា។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយសួរនាំ នឹងធ្វើកំណត់ហេតុរួចរាល់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរបានបញ្ជូនបុរសទាំងបួននាក់ទៅស្នងការដ្ឋាននគរបាលខេត្តកែបដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖រស្មីកម្ពុជា