Social Network

យុវជនម្នាក់ ព្យាយាមលោតសម្លាប់ខ្លួន នៅភ្នំបូកគោ តែត្រូវសង្គ្រោះបានមកវិញ

កំពត: យុវជនម្នាក់ បានលោតសម្លាប់ខ្លួន នៅលើភ្នំបូកគោ តែត្រូវសមត្ថកិច្ចជួយសង្គ្រោះមកវិញ ដោយសារជាប់ទើរនឹងមែកឈើ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្រោយវត្តសំពៅ៥ ក្នុងដែនឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ។

តាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ចថា កាលពីវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃទី៧ ខែមិថុនា អធិការដ្ឋាននគរបាលក្រុងបូកគោ បានទទួលការស្នើសុំកិច្ចអន្តរាគមន៍ របស់បុរសឈ្មោះ រឹម បុល មកពីភូមិតាប្រឹម ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវពាក់ព័ន្ធនឹងការបាត់កូនប្រុស ឈ្មោះ ចិន សុបិន អាយុ ២៣ ឆ្នាំ ដែលបានមកលេងនៅភ្នំបូកគោ។

មិនបង្អង់យូរ កម្លាំងអធិការដ្ឋានក្រុងបូកគោសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និងសន្តិសុខក្រុមហ៊ុនសុខាអូតែល បានស្វែងរកគ្រប់ទីតាំងដែលមានការសង្ស័យ។ សមត្ថកិច្ច បានបន្តថា: លុះដល់ម៉ោង១០ និង៥០នាទីយប់ ក្រុមការងារ ក៏បានប្រទះឃើញយុវជនរូបនោះ ជាប់ទើរនៅលើមែកឈើ ក្នុងជ្រលងភ្នំ ក្រោយវត្តសំពៅ៥ ជម្រៅប្រហែល ៥០ ម៉ែត្រ។ ភ្លាមៗ កម្លាំងសមត្ថកិច្ច ក៏បានជួយសង្គ្រោះ និងនាំឡើងមកលើវិញ ដោយសុវត្ថិភាព។

ប្រភពដដែល បានបញ្ជាក់ថា: ក្រោយសាកសួរទើបដឹងថា ករណីនេះ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ គឺយុវជនរូបនោះ បានលោតសម្លាប់ខ្លួន ព្រោះតែមានជំងឺរលាក ស្រោមខួរក្បាល។ ដូច្នេះ សមត្ថកិច្ច ក៏ប្រគល់ឈ្មោះ ចិន សុបិន ឲ្យក្រុមគ្រួសារ នាំយកទៅលំនៅស្ថាននាខេត្តតាកែវវិញ៕

ដកស្រង់ពី៖រស្មីកម្ពុជា