Social Network

​ក្មេង​ស្ទាវ​២​ក្រុម​ដេញ ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស ​បែកក្បាល​ម្នាក់

រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ជិះម៉ូតូ ដើរលេងនៅ កោះពេជ្រ លុះជិះមកដល់មុខ Dreamland ត្រូវបានក្រុម ក្មេងស្ទាវ៤នាក់ ជិះម៉ូតូ២គ្រឿង ដេញតាមវាយ បណ្ដាលឲ្យ បែកក្បាលហូរឈាម ស្រោចខ្លួនម្នាក់ ភ្លាមៗនោះ ជនបង្កបាន ព្យាយាមជិះរត់គេចខ្លួន តែមកដល់ ក្បែរវិមានឯករាជ្យ ក៏ត្រូវបានប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន២នាក់ រួមជាមួយម៉ូតូ១គ្រឿង ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមុខ Dreamland ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យ ២នាក់ដែលត្រូវគេ ចោទថាវាយគេមាន ឈ្មោះ ហៀង អាយុ២២ឆ្នាំ ជាសិស្ស រស់នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ចំណែកអ្នក ឌុបឈ្មោះ លេង (ពាក់ម៉ាស) អាយុ២១ឆ្នាំ ជាសិស្ស ស្នាក់សង្កាត់ ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។ ចំណែកភាគី ៣នាក់ដែលបាន ដាក់ពាក្យបណ្ដឹងមាន ១-ឈ្មោះ ឈ្មោះ សុខ មករា អាយុ២២ឆ្នាំ រងរបួសបែកក្បាល ជាអ្នកឌុប, ២-ឈ្មោះ វត កក្កដា អាយុ២៣ឆ្នាំ និង៣-ឈ្មោះ ឡាយ វីរៈផា អាយុ២៣ឆ្នាំ ទាំង៣នាក់ ជានិស្សិត ស្នាក់នៅផ្ទះជិតគ្នា ក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ។

តាមប្រភព ព័ត៌មានពី ជនរងគ្រោះទាំង៣នាក់ដែល ត្រូវគេវាយខាងលើ បាននិយាយ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូ PCX មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8776 ជិះលេងនៅ ក្នុងកោះពេជ្រ ខណៈពេល កំពុងជិះចេញ ពីកោះពេជ្រមក ដល់ចំណុចកើត ហេតុខាងលើ ស្រាប់តែមាន ក្មេងស្ទាវ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានដកខ្សែក្រវាត់ ដេញវាយជន រងគ្រោះបណ្តាល ឲ្យបុរសម្នាក់ របួសបែកក្បាល ភ្លាមៗនោះ ជនបង្កបានព្យាយាម ជិះរត់គេចខ្លួន តែមកដល់ក្បែរ វិមានឯករាជ្យ ត្រូវបានប្រជាពលរដ្ឋ  រួមជាមួយ សមត្ថកិច្ច ធ្វើការឃាត់ខ្លួន បាន២នាក់ រួមជាមួយ ម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-4590 ។

 ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច នគរបាលនាំ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ចំណែកជន សង្ស័យ២នាក់ ដែលជាប់ចោទ ត្រូវសមត្ថកិច្ចកំពុងធ្វើការ សាកសួរបន្ត ៕

ដកស្រង់ពី ៖ កោះសន្តិភាព