Social Network

ដើមឈើ ធ្នង់យក្សមួយដើម គេកាប់ គាស់ យកទាំងឫស បន្សល់ទុកតែមែក និងរណ្តៅ នៅចំណុចតំបន់ ទេសចរណ៍ វាលថ្ម រំផ្លង់

រតនគិរីៈ ដើមឈើ ប្រណីតធ្នង់ យក្សមួយដើមដ៏ធំ ដុះប្រប នឹងដងផ្លូវ ពីទីរួមស្រុកអូរជុំ ឆ្ពោះទៅ ស្រុកតាវែង ត្រង់ ចំណុចកន្លែង ទេសចរណ៍ វាលថ្មរំផ្លង់ ស្ថិតក្នុង ភូមិណងឡិក ឃុំអូរជុំ ស្រុកអូរជុំ ត្រូវបានគេកាប់គាស់ យកទាំង ឫសបាត់ទៅហើយ ដោយពុំមាន ឧបសគ្គអ្វី បន្តិចឡើយ ។

គួរបញ្ជាក់ ផងដែរថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ដើមឈើធ្នង់ យក្សមួយដើមនោះ ត្រូវបានគេ កាប់មែកមួយ ចំហៀងទៅហើយ ដោយនៅសល់ មែកចំនួន ២ទៀត ដែលត្រូវបាន កាប់បន្ត លុះដល់ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានគេកាប់គាស់ យកទាំងឫសអស់ ទាំងស្រុងបន្សល់ ទុកតែមែកតូចៗ និងរណ្តៅតែ ប៉ុណ្ណោះ ។ 

បើតាម ប្រភពព័ត៌មាន ពីអ្នកបើក រថយន្តស្ទូច ដឹកមែកឈើធ្នង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នោះ ប្រាប់ឲ្យ ដឹងថា ជារបស់លោក ប្រធានអង្គភាព អគ្គិសនី ខេត្តរតនគិរី យកទៅធ្វើថូផ្កា បានសុំជំនាញ និងសហគមន៍ ភូមិអស់ ហើយ ម្យ៉ាងវិញទៀត មែកឈើធ្នង់ មួយដើមធំនោះ ប៉ះចំលើជួរបន្ទាប់ ខ្សែបណ្តាញ អគ្គិសនីផង ទើបធ្វើការកាប់ យកមែកចេញ បែបនេះ ។

រហូតមកដល់ ពេលនេះ ដើមឈើធ្នង់យក្ស មួយដើមនោះ ត្រូវគេកាប់គាស់ យកទាំង ឫសតែម្តង ដោយមានការឆ្លង យោបល់ថ្នាក់ខេត្ត និងជំនាញ រដ្ឋបាលព្រៃឈើផង ទើបរលាយគ្មាន សល់បែបនេះ ។

លោក ស៊ាង សៅឌិន ប្រធានអង្គភាព អគ្គិសនីខេត្ត បានប្រាប់អ្នក យកព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះថា គាត់មិនបានដឹងទេ ករណីកាប់ និងជីកយកគល់ ធ្នង់យក្សមួយដើមនោះ ព្រោះមាន ក្រុមហ៊ុនអ៊ីវ ម៉េង ទទួលសិទ្ធិ ពី រដ្ឋាភិបាល ក្នុងការត្រួសត្រាយ ផ្លូវ ត្រូវគន្លងជួរ ខ្សែតបណ្តាញ អគ្គិសនី ។

ដោយឡែក លោក ម៉ៅ តំណាងក្រុមហ៊ុន អ៊ីង ម៉េង ប្រាប់ឲ្យដឹងថា ដើមឈើដែលចំ គន្លងតបណ្តាញអគ្គិសនី គាត់ស្នើសុំ ទៅអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរ មូលដ្ឋាន ជាអ្នកកាប់ខ្លួនឯង ប៉ុន្តែ ដើមឈើធ្នង់ យក្សមួយដើមនោះ មិនត្រូវគន្លងនោះទេ គ្រាន់តែជាប់ នឹងគន្លងត បណ្តាញខ្សែភ្លើង ហើយការកាប់ និងគាស់ យកឫសដើមឈើ ធ្នង់យក្សនោះ មិនពាក់ព័ន្ធក្រុមហ៊ុននោះទេ ។ ប្រភពព័ត៌មាន ដោយឡែក មួយទៀត ប្រាប់ឲ្យដឹងថា ដើមឈើធ្នង់យក្សនោះ មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ។ ការកាប់ និងគាស់យក ដើមឈើធ្នង់ដ៏ធំនេះ សង្ស័យបង្កប់ នូវអំពើពុករលួយផងដែរ ។

ជាមួយគ្នា នឹងសកម្មភាព កាប់គាស់យកដើម ឈើធ្នង់បែបនេះ ប្រជាពលរដ្ឋ និងមហាជន ក្នុងខេត្តរតនៈគិរី មានមតិ លើកឡើង ស្រដៀងគ្នាថា មិនគួរនាំគ្នាបំផ្លាញនោះទេ ព្រោះទីនោះជាកន្លែង តំបន់ទេសចរណ៍ ធម្មជាតិ ហើយដើម ឈើប្រភេទនេះ សឹងតែផុត ពូជទៅហើយ ៕

ដកស្រង់ពី៖ដើមអម្ពិល