Social Network

បាញ់ប្លន់ទៀតហើយ! ចោរ៣នាក់បាញ់២គ្រាប់ ប្លន់យកម៉ូតូម៉ាក Duke មួយគ្រឿង បានសម្រេច

(ភ្នំពេញ)៖  នៅម៉ោង១២៖៥០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីប្លន់ ប្រដាប់អាវុធមួយ បានកើតឡើងតាម បណ្តោយផ្លូវ៣៧១ ត្រង់មុខបុរីសុភមង្គល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមសំដីបុរសរងគ្រោះ និងជាម្ចាស់ម៉ូតូ ដែលមានឈ្មោះ មាស រឹទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្តុំទួលស្លែង បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូតែម្នាក់ឯង មកពីតាខ្មៅ ដើម្បីទៅផ្ទះ តែនៅពេលជិះមកដល់ ក្បាលថ្នល់ ក៏នឹកចង់ទៅចូលក្លឹប នៅម្តុំស្ទឹងមានជ័យ ហើយបានបត់ម៉ូតូ មកជិះតាមផ្លូវ៣៧១ លុះជិះមកដល់ មុខបុរីសុភមង្គល ស្រាប់តែមានក្រុមប្លន់ ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ Duke មួយគ្រឿងដែរ បានជិះមកក្បែរ រួចបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់១គ្រាប់សម្លុត ដើម្បីប្លន់យកម៉ូតូ តែគាត់មិនឈប់ បានជិះម៉ូតូបន្ថែមល្បឿន ទៅមុខទៀត បន្ទាប់មកក្រុមចោរ បានជិះតាម ហើយបាញ់បន្ថែម ១គ្រាប់ទៀត សំដៅមករកគាត់ តែមិនត្រូវ ពេលនោះគាត់ភ័យ បានផ្តួលម៉ូតូចោល ហើយរត់គេចចេញយករួចខ្លួន។

ជនរងគ្រោះបានឲ្យដឹងទៀតថា បន្ទាប់ពីរត់ចេញឆ្ងាយពីមូតូ ធ្វើឲ្យក្រុមចោរ មានឱកាសលើកយកម៉ូតូជិះ គេចចេញបាត់ស្រមោល។ ម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវចោរបាញ់ប្លន់ យកទៅនោះ ម៉ាកDuke ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-8614 បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍បឹងទំពុន ទាំងអស់សង្ឃឹមតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News