Social Network

ជម្លោះលេងភ្លេងរាំក្នុងពិធីមង្គលការ លទ្ធផលក្រុមកូនកម្លោះព្រួតវាយម្ចាស់ភ្លេងដេកពេទ្យពីរនាក់ឪពុកកូន

កណ្ដាល ៖ ជម្លោះដោយសារតែរឿង ភ្លេ អកកេះ ដល់ម៉ោងឈប់បិទ លែងលេងឱ្យម្ចាស់ ដើមការ និងភ្ញៀវរាំ បានបង្កទៅជា អំពើហិង្សា ភាគីម្ចាស់ដើមការ ជាពិសេសក្រុមកូនកម្លោះ បាននាំគ្នាព្រួតវាយ ម្ចាស់ភ្លេងពីរនាក់ឪពុកនិងកូន រងរបួសធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ ចំណុចភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្ដកណ្ដាល។

ភាគីជនរងគ្រោះ ពីរនាក់ឪពុកនិងកូន ដែលជាម្ចាស់ភ្លេង ត្រូវម្ចាស់ដើមការ ជួលយកទៅលេងកំដរ ពិធីមង្គលការនោះ ត្រូវបានគេស្គាល់ ឈ្មោះទី១ លី ម៉ន ភេទប្រុស អាយុ ប្រហែល៥៥ឆ្នាំ មានមុខរបរ ជាអ្នកចាក់ភ្លេង រងរបួស ត្រង់ក្បាលធ្ងន់ធ្ងរ និងទី២ឈ្មោះ ឈាង សុងម៉េង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស រងរបួសធ្ងន់ធ្ងរលើក្បាល និងដងខ្លួន ដោយពួកគេ ទាំងពីរនាក់ជាឪពុកនិងកូន មានទីលំនៅភូមិ ព្រែកតាហ៊ីម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល ។ ចំណែកភាគីបង្ក ត្រូវបានគេសន្និដ្ឋានថា មានគ្នាជាង២០នាក់ ជាក្រុមកូនកម្លោះ និងភ្ញៀវមកចូលរួម មង្គលការរាំលេងកំសាន្ដ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចផ្ទះកើតហេតុ ខាងកូនម្លោះ មានរៀបចំ ពិធីមង្គលការ ដោយកូនកម្លោះឈ្មោះ ផាត សុគា និង កូនក្រមុំ ឈ្មោះផូ ស្រីភីម ហើយក៏បានជួលវង់ភ្លេង របស់ជនរងគ្រោះ មកលេងរាំកំសាន្ដ។ លុះដល់ម៉ោង១១ ដែលជាម៉ោងត្រូវបិទបញ្ចប់នោះ ក្រុមភាគីកូនកម្លោះ បានប្រាប់ឱ្យម្ចាស់ភ្លេង លេងថែមម៉ោងបន្ដ ហើយក្រុមភ្លេងក៏បានលេងបន្ដ រហូតដល់ម៉ោង ១១និង៤៥នាទី ភ្លេងក៏បានឈប់ ស្រាប់តែភាគីកូនកម្លោះ និងភ្ញៀវ ក៏បានមកប្រាប់ឱ្យលេងបន្ដទៀត ហើយភាគីជនរងគ្រោះមិនព្រមលេងបន្ដ ដោយអះអាងថា លើសជាងកន្លះម៉ោងហើយ ក៏ធ្វើឱ្យភាគីទាំងពីរ មានការប៉ះពារ ពាក្យសំដី រហូតឈានទៅដល់ ការឈ្លោះ ប្រកែកគ្នា ហើយភាគីក្រុមខាងកូនកម្លោះ និងភ្លៀវ ក៏បាននាំគ្នាព្រួតវាយ ជនរងគ្រោះជា ឪពុករងរបួសជាទម្ងន់ ។

ចំណែកកូនប្រុស ឃើញដូច្នេះ ក៏បានដកកាំភ្លើងខ្លី បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាម កុំឱ្យវាយឪពុកខ្លួន តទៅទៀត តែភាគីក្រុមបង្ក ស្ទុះមកប្រតាយប្រតប់ ដណ្ដើមកាំភ្លើងបាន ក៏បាននាំគ្នាព្រួតវាយ បុរសជាកូន បណ្ដាលឱ្យរងរបួសដេក ដួលសន្លប់ នៅកន្លែងកើតហេតុ ទាំងពីរនាក់ឪពុកនិងកូន តែម្ដងទៅ នេះតាមការអះអាង ពីភាគីក្រុមអ្នកលេងភ្លេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្ដរាគមន៍ ចាត់បញ្ជូនជនរងគ្ រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងតាមចាប់ភាគីបង្ក តែភាគីម្ចាស់ផ្ទះ រៀបចំមង្គលការ មិនបានសហការជាមួយ សមត្ថកិច្ចនោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល