Social Network

រថយន្តតាកូម៉ា បុករថយន្តកាមរី ផ្ទុះឆេះ ស្លាប់អ្នកបើកបរ ក្នុងរថយន្ត

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង គឺដោយសារតែ រថយន្តតាកូម៉ា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-3937 ដែលបើកពីលិចទៅកើត បានបែកកង់ ហើយរេចង្កូតទៅបុក កាមរីមួយគ្រឿង ដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យផ្ទុះឆេះ រថយន្តកាមរី ស្លាប់អ្នកបើកបរ រថយន្តនៅក្នុងនោះ ចំណែកអ្នក បើកបររថយន្តតាកូម៉ាក៏ បានស្លាប់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យ ឆេះរថយន្តកាមរី ស្លាប់តែម្នាក់ នៅក្នុងនោះ ពេលនេះនៅមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ ។ ចំណែករថយន្តតាកូម៉ា គឺជារថយន្តប្រភេទ ដឹកទំនិញ គេឃើញមានដឹកពោត ។

ហេតុការណ៍នេះ បានធ្វើឲ្យរាយប៉ាយពោត ធ្លាក់ពេញផ្លូវ បណ្ដាលឲ្យស្ទះចរាចរណ៍ ប្រមាណជាមួយសន្ទុះធំ ហើយត្រូវបានរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទៅពន្លត់ចប់សព្វគ្រប់ នៅវេលាម៉ោង៧ ។ ក្រោមការដឹកនាំ អន្តរាគមន៍ពន្លត់ពីសំណាក់ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងចរាចរ ស្រុកព្រះនេត្រព្រះ និងរថយន្តការិយាល័យ ពន្លត់អគ្គិភ័យផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាលើកទី២ហើយ បន្ទាប់ពីគ្រោះថ្នាក់ ស្រដៀងគ្នានេះ កាលពីដើមឆ្នាំ២០១៥ ដែលកើតឡើង នៅផ្លូវជាតិលេខ៥ បណ្ដាលឲ្យឆេះរថយន្តខ្ទេច ស្លាប់តៃកុងនៅក្នុងរថយន្ត ដូចគ្នាផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល