Social Network

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ក្លែងសំបុត្រកំណើត បង្ហោះតាម Facebook

ស្វាយរៀង៖ ជនសង្ស័យពីរនាក់ ដែលកែច្នៃសំបុត្រកំណើត ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដាក់ថានៅក្នុងប្រទេសវៀតណាម ហើយបង្ហោះតាម Facebook ក្នុងចេតនាអាក្រក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ហើយនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ជាសមាជិកក្រុមប្រឹក្សាក្រុងបាវិត មកពីគណបក្សសង្រ្គោះជាតិ ជាអ្នកសរសេរ។ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ខាងលើ ជាសមាជិកក្រុមប្រឹក្សាក្រុងបាវិត មកពីគណបក្សសង្រ្គោះជាតិ ។

ជនសង្ស័យទាំង ២នេះ បានបំភ្លៃសំបុត្រកំណើតពលរដ្ឋ ក្នុងខេត្តស្វាយរៀង ដោយកែពីប្រទេសកម្ពុជា ទៅដាក់ថា ប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook។

សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃចុងក្រោយ មានសំបុតកំណើតចំនួនពីរ សំបុត្រកំណើតទី១ ស្ថិតនៅខេត្តតាកែវ និង មួយទៀតនៅខេត្តស្វាយរៀង ត្រូវបានគេកែច្នៃពីប្រទេសកម្ពុជា ទៅដាក់ជាប្រទេសវៀតណាម ហើយបង្ហោះតាម ទំព័រ Facebook និងមានដាក់ខ្លឹមសារ វាយប្រហាររាជរដ្ឋាភិបាលផងដែរ។ សំបុត្រកំណើត ដែលពួកគេក្លែងនេះ ត្រូវអ្នកលេង Facebook ធ្វើការចែកចាយបន្តយ៉ាងផុលផុស។

ក្រោយឃើញលិខិតកែច្នៃបែបនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានចេញមក ច្រានចោលនូវលិខិតកែច្នៃនេះ ព្រមទាំងប្រកាសតាមចាប់ខ្លួនក្រុមអ្នកក្លែងលិខិតនេះមកផ្តន្ទាទោសតាមច្បាប់ផង ដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល